អន្តរជាតិ

វ៉ាក់សាំងបង្ការកូវីដ១៩ របស់សាកលវិទ្យាល័យ Oxford អាចមានប្រសិទ្ធភាពខ្ពស់រហូតដល់ ៣ខែ ដោយប្រើត្រឹមតែដូសដំបូង

BY
autoadmin
February 3, 2021

អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Oxford និយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនបង្កើតឡើង សហការជាមួយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca នៅតែមានប្រសិទ្ធភាពខ្ពស់ក្នុងរយៈពេល ៣ខែ បន្ទាប់ពីការចាក់ដូសដំបូង។ ក្រុមស្រាវជ្រាវកាលពីថ្ងៃអង្គារ បានចេញផ្សាយរបាយការណ៍មួយអំពីការវិភាគទិន្នន័យពីការសាកល្បងរបស់ពួកគេ ពាក់ព័ន្ធនឹងមនុស្សប្រហែល ១៧,០០០ នាក់ នៅក្នុងចក្រភពអង់គ្លេស ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ចាប់តាំងពីការសាកល្បងដំបូងរហូតដល់ដើមខែធ្នូកន្លងទៅនេះ។

ក្រុមអ្នកស្រាវជ្រាវនិយាយថា វ៉ាក់សាំងក្នុងដូសដំបូង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៩០ (៣ខែ) គឺមានប្រសិទ្ធភាព ៧៦% ហើយមិនបានផ្លាស់ប្ដូរប្រសិទ្ធភាពនៅអំឡុងទាំងនោះទេ។ ចំណែកលទ្ធផលបន្ទាប់ពីដូសទី២ បានបង្ហាញប្រសិទ្ធភាព ៨២.៤% នៅពេលដែលការចាក់វ៉ាក់សាំងដូសទី២ នៅចន្លោះពីវ៉ាក់សាំងដូសទី១ រយៈពេលពី ១២សប្ដាហ៍ ឬច្រើនជាងនេះ។ អ្នកស្រាវជ្រាវបានសង្កេតឃើញថា ប្រសិទ្ធភាពគឺមានតែ ៥៤.៩% ប៉ុណ្ណោះ ប្រសិនបើការចាស់ដូសទាំង ២ គឺនៅចន្លោះពេល ៦ សប្តាហ៍ពីគ្នា។ ពោលគឺវាបានបង្ហាញថា ប្រសិទ្ធភាពនៃវ៉ាក់សាំងដូសដំបូង អាចមានតិចឬច្រើនអាស្រ័យលើបុគ្គលម្នាក់ៗ។

សាស្រ្តាចារ្យម្នាក់នៅក្រុមនេះបាននិយាយថា លទ្ធផលនេះគាំទ្រដល់ការផ្តល់អនុសាសន៍របស់គណៈកម្មាធិការចំរុះអង់គ្លេស ស្តីពីការចាក់វ៉ាក់សាំង និងចាក់ថ្នាំបង្ការ (British Joint Committee on Vaccination and Immunisation) ដែលណែនាំឱ្យមានចន្លោះពេលរហូតដល់ ៣ខែ រវាងដូសទាំងពីរ។ រដ្ឋាភិបាលអង់គ្លេសក៏គ្រោងពន្យារពេលចាក់វ៉ាក់សាំងរបស់ដូសទាំង ២ ឱ្យមានចន្លោះពីគ្នា ៣ខែ ដើម្បីអាចឱ្យពលរដ្ឋឆាប់បានវ៉ាក់សាំងយ៉ាងហោចណាស់ ១ដូស ក្នុងម្នាក់ៗ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: