អន្តរជាតិ

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវចោទថា នាំចូលវិទ្យុទាក់ទងចំនួន ១០ គ្រឿង ដោយមិនមានការចុះបញ្ជី នៅលំនៅដ្ឋាន, តុលាការសម្រេចឃុំខ្លួន ២ សប្តាហ៍សិន

BY
autoadmin
February 4, 2021

តុលាការមីយ៉ាន់ម៉ាបានសម្រេចឱ្យមានការឃុំខ្លួនមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតី Win Myint រយៈពេល ២សប្ដាហ៍ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ហើយអ្នកទាំង ២ ក៏អាចប្រឈមនឹងការឃុំខ្លួនយូរជាងនេះផងដែរ។ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃពុធម្សិលមិញនេះ បានចេញផ្សាយឯកសាររបស់ប៉ូលីសមួយ ចុះនៅថ្ងៃទី០១ ខែកុម្ភៈ ដែលបានចោទប្រកាន់លើលោកស្រី អ៊ុងសាន ស៊ូជី ថាបាននាំចូលសម្ភារៈទំនាក់ទំនងចំនួន ១០ ដោយខុសច្បាប់ និងមិនមានការចុះបញ្ជីបានត្រឹមត្រូវនោះទេ។

ចំណែកប្រធានាធិបតីលោក Win Myint ឯណោះវិញ ត្រូវបានចោទប្រកាន់ពីបទបានរំលោភលើការរឹតត្បិតទប់ស្កាត់ជំងឺឆ្លង តាមរយៈការស្វាគមន៍អ្នកធ្វើយុទ្ធនាការបោះឆ្នោតកាលពីខែកញ្ញាឆ្នាំមុន។ NLD និយាយថា តុលាការបានសម្រេចឱ្យមានការឃុំខ្លួនអ្នកទាំង ២ ជាបណ្ដោះអាសន្ននៅក្នុងផ្ទះ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ហើយនីតិវិធីព្រហ្មទណ្ឌដែលកំពុងចោទប្រកាន់លើអ្នកទាំង ២ អាចធ្វើឱ្យពួកគេត្រូវជាប់ឃុំខ្លួនយូរជាងនេះ។ ពោលគឺប្រសិនបើតុលាការរកឃើញថា អ្នកទាំង ២ មានពិរុទ្ធ ពួកគេនឹងមានទោសត្រូវឃុំខ្លួនច្រើនជាង ២សប្ដាហ៍ ដែលបានដាក់ចេញនេះ។

រំលឹកដែរថាយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារកាលពីថ្ងៃច័ន្ទ ដោយបានឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមន្រ្តីគណបក្ស NLD ផ្សេងទៀត ប៉ុន្តែសមាជិកសភាជាច្រើនពេលនេះក៏ត្រូវបានដោះលែងវិញហើយដែរ។ ជម្រាបដែរថា យោធាបានបង្កើតក្រុមប្រឹក្សារដ្ឋបាល តែងតាំងរដ្ឋមន្រ្តីចំនួន ១១រូប និងមន្រ្តីជាន់ខ្ពស់នៅក្នុងជួរប៉ូលីស និងអយ្យការ ក៏ដូចជាសមាជិកនៃគណៈកម្មការរៀបចំការបោះឆ្នោតភ្លាមៗ បន្ទាប់ពីចាប់ខ្លួនលោកស្រី និងគ្នីគ្នារួច៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: