ទិនានុប្បវត្តិ The Lancet៖ វ៉ាក់សាំង Sputnik V ដែលរុស្ស៊ីជាអ្នកបង្កើតឡើង គឺមានប្រសិទ្ធភាពជាមួយជំងឺកូវីដ១៩ បានរហូតដល់ ៩១.៦%
- BY
- autoadmin
- February 4, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះថា «Sputnik V» របស់ប្រទេសរុស្ស៊ី គឺមានប្រសិទ្ធភាពប្រឆាំងជាមួយជំងឺ COVID-19 រហូតដល់ ៩១.៦% សម្រាប់អ្នកចេញរោគសញ្ញា, ប្រសិទ្ធភាព ១០០% សម្រាប់អ្នកមានជំងឺធ្ងន់ធ្ងរ និងមធ្យម នេះបើយោងតាមការសិក្សាវិភាគលើអ្នកចូលរួមជិត ២០,០០០ នាក់ នៅក្នុងដំណាក់កាលទី ៣ ដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ The Lancet កាលពីថ្ងៃអង្គារ។ ការសិក្សានេះបានជួយរម្ងាប់ការព្រួយបារម្ភរបស់អ្នកជំនាញពីមុនៗ ដែលពួកគេកន្លងមកបានសម្ដែងការព្រួយបារម្ភចំពោះវ៉ាក់សាំង ដែលត្រូវបានចុះបញ្ជីដំបូងគេនៅរុស្ស៊ីមួយនេះ។

អ្នកវិភាគឯករាជ្យលោក Ian Jones មកពីសាកលវិទ្យាល័យនៃទីក្រុង Reading និងលោកស្រី Polly Roy នៃសាលាអនាម័យ និងវេជ្ជសាស្ត្រត្រូពិកទីក្រុងឡុង បាននិយាយថា៖«ការអភិវឌ្ឍវ៉ាក់សាំង Sputnik V ត្រូវបានគេរិះគន់ចំពោះការប្រញាប់ប្រញាល់ លេងផ្លូវកាត់ និងអវត្តមាននៃតម្លាភាពជាដើម។ ប៉ុន្តែលទ្ធផលដែលបានរាយការណ៍នៅទីនេះគឺច្បាស់លាស់ណាស់ ហើយគោលការណ៍វិទ្យាសាស្ត្រនៃការចាក់វ៉ាក់សាំងក៏ត្រូវបានបង្ហាញ ដែលមានន័យថា វ៉ាក់សាំងនេះអាចចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 »។
លទ្ធផលនៃការសិក្សាបានបង្ហាញថា វ៉ាក់សាំង Sputnik V ស្ថិតក្នុងចំណោមវ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់ជាងគេ រួមជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech និង Moderna ដែលបានរាយការណ៍ថា មានប្រសិទ្ធភាពជាង ៩០% ។ ថ្វីបើលទ្ធផលនៃការសិក្សាដំណាក់កាលទី៣ ទើបតែត្រូវបានចុះផ្សាយបញ្ជាក់ពីប្រសិទ្ធភាពខ្ពស់ប៉ុណ្ណា ប៉ុន្តែការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាបពលរដ្ឋនៅរុស្ស៊ីអាយុ ១៨ឆ្នាំ ឬច្រើនជាងនេះ គឺបានចាប់ផ្ដើមមុនរួចមកទៅហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN, The Moscow Times
- Share This Post:






