ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសហប្រជាជាតិ៖ «ការចោទប្រកាន់លើលោកស្រី អ៊ុងសាន ស៊ូជី ជាការបំផ្លាញការបង្រួបបង្រួម និងដំណើរការប្រជាធិបតេយ្យ»

    BY autoadmin February 4, 2021
    អង្គការសហប្រជាជាតិ៖ «ការចោទប្រកាន់លើលោកស្រី អ៊ុងសាន ស៊ូជី ជាការបំផ្លាញការបង្រួបបង្រួម និងដំណើរការប្រជាធិបតេយ្យ»

    អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិលោក Stephane Dujarric កាលពីថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានអំពាវនាវឱ្យមានការដោះលែង មេដឹកនាំដែលត្រូវបានគេបណ្ដេញនិងឃុំខ្លួនក្នុងផ្ទះ លោកស្រី អ៊ុងសាន ស៊ូជី ជាបន្ទាន់ ហើយបានសង្កត់ធ្ងន់ថា រដ្ឋប្រហាររបស់ក្រុមយោធាក្នុងប្រទេសនេះ គឺជាការប្រឆាំងលើ «ការបង្រួបបង្រួមនីតិរដ្ឋនៅមីយ៉ាន់ម៉ា និងដំណើរការប្រជាធិបតេយ្យ» របស់លោកស្រីទីប្រឹក្សារដ្ឋ។

    គួររំលឹកដែរថា បក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ឬ NLD របស់លោកស្រី ទើបតែបានបញ្ចេញឯកសារប៉ូលីសមួយ ដែលបានចោទប្រកាន់លោកស្រីថា គាត់បាននាំចូលឧបករណ៍ទំនាក់ទំនងខុសច្បាប់ និងប្រើប្រាស់ទាំងមិនទាន់ចុះបញ្ជី។ ខណៈប្រធានាធិបតីលោក Win Myint ត្រូវបានចោទប្រកាន់ពីបទរំលោភលើការរឹតត្បិតអំឡុងពេលមានរោគរាតត្បាត ដោយសារគាត់បានបើកការស្វាគមន៍អ្នកធ្វើយុទ្ធនាការបោះឆ្នោតកាលពីខែកញ្ញា។ NLD បាននិយាយថា តុលាការបង្គាប់ឱ្យអ្នកទាំង ២ ត្រូវឃុំខ្លួនក្នុងផ្ទះ ២សប្ដាហ៍ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ។

    នាយឧត្តមសេនីយយោធាលោក Min Aung Hlaing ដែលទទួលបន្ទុករដ្ឋាភិបាល បន្ទាប់ពីរដ្ឋប្រហារបាននិយាយសង្កត់ធ្ងន់លើកញ្ចក់ទូរទស្សន៍ថា ពួកគេកំពុងធ្វើសកម្មភាពនៅក្រោមច្បាប់។ គេជឿថាឯកសារចោទប្រកាន់ដែលបានប្តឹងប្រឆាំងនឹងលោកស្រី អ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតី ហាក់ដូចជាផ្នែកមួយនៃការប៉ុនប៉ងរបស់យោធា ដើម្បីចង់បង្ហាញថា វាគឺជាមូលហេតុនៃការណ៍ចាប់ឃុំខ្លួនពួកគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: