អន្តរជាតិ

ការសិក្សារបស់អាឡឺម៉ង់បានរកឃើញថា សត្វឆ្កែមានសមត្ថភាពអាចហឺតដឹងជំងឺកូវីដ១៩ បានច្បាស់ត្រឹមត្រូវដល់ ៩៤%

BY
autoadmin
February 4, 2021

ការសិក្សារបស់អាឡឺម៉ង់បានរកឃើញថា សត្វឆ្កែដែលទទួលបានការហ្វឹកហាត់ពីសាលាបណ្ដុះបណ្ដាល អាចមានសមត្ថភាពហឺតដឹងពីជំងឺ COVID-19 បានត្រឹមត្រូវរហូតដល់ទៅ ៩៤% ឯណោះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Deutsche Welle បាននិយាយថា សត្វឆ្កែនៅក្នុងការសិក្សាទាំងនោះត្រូវបានបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Hanover ហើយវាអាចហឺតដឹងពីវត្តមានរបស់ជំងឺ COVID-19 បានយ៉ាងច្បាស់លាស់ ទោះបីជាអ្នកជំងឺមិនបានចេញរោគសញ្ញាក៏ដោយ។

លោក Esther Schalke ពេទ្យសត្វនៅសាលាកងកម្លាំងប្រដាប់អាវុធរបស់អាល្លឺម៉ង់ បាននិយាយថា សត្វឆ្កែត្រូវបានគេដាក់ពង្រាយដើម្បីស្រូបយកក្លិននៃវីរុសកូរ៉ូណា (វីរុសនៃជំងឺCOVID-19) ដែលត្រូវបានបញ្ចេញចេញពីកោសិកាក្នុងខ្លួនមនុស្សដែលឆ្លងជំងឺ។​ ហើយឆ្កែនៅក្នុងការសិក្សានេះ គឺពួកគេមានឈ្មោះដូចជា៖ Filou ជាពូជ Shepherd អាយុ ៣ឆ្នាំ និង Joe Cocker អាយុ ១ឆ្នាំ ជាពូជឆ្កែ Cocker Spaniel ដែលត្រូវបានបណ្តុះបណ្តាលនៅសាកលវិទ្យាល័យពេទ្យសត្វនៃសាកលវិទ្យាល័យ Hanover ។

នៅក្នុងការសិក្សានោះគេរកឃើញថា សត្វឆ្កែអាចរកឃើញជំងឺ COVID-19 បានច្បាស់លាស់ដល់ទៅ ៩៤% នៅពេលវាហឺតសំណាករហូតដល់ទៅ ១,០០០ ក្នុងពេលតែមួយលើក។ វាបានបន្ថែមថា ឆ្កែទាំងនោះអាចហឺតដឹងទាំងអ្នកជំងឺមានរោគសញ្ញា និងមិនចេញរោគសញ្ញា ដូច្នេះហើយនៅពេលអនាគតពួកវានឹងដើរតួយ៉ាងសំខាន់។

ការសិក្សាខ្នាតតូចនេះ ក៏បានទាក់ទាញចំណាប់អារម្មណ៍ពីនាយករដ្ឋមន្រ្តីនៃរដ្ឋ Lower Saxony លោក Stephan Weil យ៉ាងខ្លាំង ហើយលោកបានអំពាវនាវឱ្យមានការសិក្សាសាកល្បងបន្ថែមទៀត មុនពេលសត្វឆ្កែចូលធ្វើការនៅក្នុងពិភពពិត នៅក្នុងព្រឹត្តិការណ៍សំខាន់ៗ ដើម្បីចូលរួមទប់ស្កាត់ការចម្លងនៃជំងឺ COVID-19 ដែលជាបញ្ហាដែលពិភពលោកកំពុងប្រឈម៕

អត្ថបទ៖ លីដា
ប្រភព៖ DW

Share This Post: