អន្តរជាតិ

ជប៉ុនកំពុងរៀបចំអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech នៅពាក់កណ្ដាលខែកុម្ភៈនេះ

BY
autoadmin
February 6, 2021

ក្រសួងសុខាភិបាលជប៉ុនកំពុងរៀបចំ ដើម្បីអនុម័តវ៉ាក់សាំងការពារជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Pfizer-BioNTech នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។ ក្រសួងបានចុះកិច្ចសន្យាជាមួយ Pfizer ដើម្បីទទួលថ្នាំចំនួន ៧២ លានដូស រួចរាល់ហើយ ខណៈកាលពីសប្តាហ៍មុនក៏ Pfizer បានបញ្ជូនទិន្នន័យទៅក្រសួង ស្តីពីការសាកល្បងវ៉ាក់សាំងនៅក្នុងប្រទេសជប៉ុន។

ក្រសួងគ្រោងនឹងរៀបចំកិច្ចប្រជុំក្រុមអ្នកជំនាញនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីស្វែងរកការប្រឹក្សាថា តើត្រូវអនុម័តវ៉ាក់សាំងនេះ ឬអត់។ ប្រសិនបើគណៈកម្មាធិការផ្តល់ភ្លើងខៀវ នោះរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Tamura Norihisa ត្រូវបានគេរំពឹងថា នឹងចេញសេចក្តីយល់ព្រមជាផ្លូវការនៅថ្ងៃទី១៥ ខែកុម្ភៈ។

ប្រសិនបើមានការអនុម័តវ៉ាក់សាំងពិតមែននោះ វានឹងត្រូវបានផ្តល់ជូនសម្រាប់តែអ្នកមានអាយុចាប់ពី ១៦ឆ្នាំ ឡើងទៅប៉ុណ្ណោះក្នុងអំឡុងពេលនេះ។ ក្រសួងក៏មានគម្រោងហាមអ្នកមានប្រវត្តិប្រតិកម្មអាឡែស៊ី ឬចំពោះគ្រឿងផ្សំណាមួយ មិនឱ្យទទួលថ្នាំបង្ការនេះទេ។ ក្រសួងសុខាភិបាលថា ខ្លួននឹងជូនដំណឹងទៅរដ្ឋាភិបាលក្នុងតំបន់ឱ្យបានឆាប់រហ័ស អំពីអ្នកដែលមានសិទ្ធិទទួលវ៉ាក់សាំង និងនៅពេលណាពួកគេអាចចាប់ផ្តើមប្រើវាបាន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: