គ្រឿង.ញៀ.នចំនួន៤៦១កញ្ចប់ ទម្ងន់ប្រមាណជាង៤០០គីទ្បូក្រាម ត្រូវបានកម្លាំងយោធារកឃើញនៅតំបន់ខាងលិចកោះពូលូវ៉ៃ ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ផេកហ្វេស ប៊ុកផ្ទាល់របស់ កងទ័ពជើងទឹក បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីបញ្ជាការជួរមុខ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានដឹកនាំកម្លាំងទីបញ្ជាការជួរមុខ និងមន្រ្តីស្ថាប័នគន្លឹះ រៀបចំពិធីត្រួតពិនិត្យ ធ្វើតេ្តស និងថ្លឹងទម្ងន់ វត្ថុសង្ស័យ ដែលកម្លាំងកងការពារកោះពូលូវ៉ៃលេខ៥ បញ្ជាការដ្ឋានការពារកោះ-ឆ្នេរ កងទ័ពជើងទឹក បានធ្វើការល្បាតរកឃើញលើផ្ទៃសមុទ្រ នៅតំបន់ខាងលិចកោះពូលូវ៉ៃ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។

ដោយបានធ្វើការប្រគល់ជូនដល់ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ការពិនិត្យនេះដោយមានការចូលរួមពីខាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងមូលដ្ឋានសមុទ្រ កម្លាំងបញ្ជាការដ្ឋាន ការពារកោះ-ឆ្នេរ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងក្រុមប្រតិបត្តិការចម្រុះជាច្រើនរូបចូលរួមត្រួតពិនិត្យ ជាលទ្ធផលរកឃើញជាប្រភេទគ្រឿងញៀនកេតាមីន ដែលមានចំនួន២៣កេស ស្មើនឹង៤៦១កញ្ចប់ មានទម្ងន់សរុប៤៦៤គីទ្បូក្រាម និង៥៥៧,៥ក្រាម បច្ចុប្បន្នវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនទៅសាលាដំបូងខេត្តព្រះសីហនុ យកទៅរក្សាទុក ៕














ប្រភព៖ កងទ័ពជើងទឹក