ប៉ូលីសនៅមីយ៉ាន់ម៉ាបានប្រើប្រាស់ឡានទឹកបាញ់បំបែកហ្វូងបាតុករ ខណៈការតវ៉ាទ្រង់ទ្រាយធំបានឈានចូលដល់ថ្ងៃទី៣
- BY
- autoadmin
- February 8, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃច័ន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ការតវ៉ានៅប្រទេសមីយ៉ាន់ម៉ាបានអូសបន្លាយដល់ថ្ងៃទី៣ ខណៈប៉ូលីសនៅក្នុងរដ្ឋធានីបានប្រើប្រាស់ឡានទឹក ដើម្បីបាញ់បំបែកហ្វូងបាតុករដែលប្រឆាំងនឹងពួកយោធា។ អ្នកស្រុកនៅទីក្រុងណៃពិដោ (Naypyidaw) ដែលបានចូលរួមក្នុងការតវ៉ាបានប្រាប់ AFP ថា៖ «ប៉ូលិសបានប្រើឡានទឹក ដើម្បីបាញ់បោសសម្អាតផ្លូវ»។ ចំណែកអ្នកថតរូបរបស់ AFP នៅទីនោះ ក៏បានមើលឃើញហេតុការណ៍ផ្ទាល់ភ្នែកផងដែរ។

ប៉ូលីសបានប្រើឡានទឹកបាញ់នៅក្នុងការប៉ះទង្គិចមួយ ប្រឆាំងនឹងក្រុមបាតុកររាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នា។ រូបភាពប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា ក្រុមអ្នកតវ៉ាមួយចំនួនបានរងរបួស នៅពេលដែលក្រុមបាតុករត្រូវបានគេច្រានដួលដល់ដី។ ប៉ូលីសក្រោយមកក៏បានបញ្ឈប់ការប្រើឡានទឹក បន្ទាប់ពីក្រុមអ្នកតវ៉ាបានអំពាវនាវដល់ពួកគេ ប៉ុន្តែបាតុកម្មនៅតែបន្ត។
ជម្រាបដែរថា ប្រទេសមីយ៉ាន់ម៉ាបានបន្ដធ្វើការតវ៉ាទ្រង់ទ្រាយធំទូទាំងប្រទេសរយៈពេល ៣ថ្ងៃ ជាប់ៗគ្នាមកហើយគិតត្រឹមថ្ងៃច័ន្ទនេះ បន្ទាប់ពីរដ្ឋប្រហារយោធាបានចាប់ឃុំខ្លួនលោកស្រីទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី និងសមាជិកបក្សកាន់អំណាច ខណៈបណ្ដាញអ៊ីនធឺណេតត្រូវបានបង្អាក់ ហើយបណ្ដាញសង្គមមួយចំនួនត្រូវបានបិទមិនឱ្យប្រើប្រាស់បាន៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






