ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា ចុះដកដើមឈើ៤ដើម ដែលមានហានិភ័យខ្ពស់ ធ្លាប់កើតមានគ្រោះថ្នាក់ចរាចរណ៍ លើដងផ្លូវពីខាងកើតប្រាសាទអង្គរវត្តដល់ខាងត្បូងប្រាសាទបន្ទាយក្តី

    BY Khmernote Media February 9, 2021
    អាជ្ញាធរជាតិអប្សរា ចុះដកដើមឈើ៤ដើម ដែលមានហានិភ័យខ្ពស់ ធ្លាប់កើតមានគ្រោះថ្នាក់ចរាចរណ៍ លើដងផ្លូវពីខាងកើតប្រាសាទអង្គរវត្តដល់ខាងត្បូងប្រាសាទបន្ទាយក្តី

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា មន្ត្រីបច្ចេកទេសនាយកដ្ឋានពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការ និងសំណូមពរពីអាជ្ញាធរមូលដ្ឋានសង្កាត់នគរធំ បានចុះពិនិត្យស្ថានភាពដើមឈើដែលដុះនៅលើដងផ្លូវពីខាងកើតប្រាសាទអង្គរវត្តដល់ខាងត្បូងប្រាសាទបន្ទាយក្តី ស្ថិតក្នុងភូមិក្រវ៉ាន់ និងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប។

    ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់ឃើញថា មានដើមឈើចំនួន២៣ដើមត្រូវមានវិធានការ ដែលក្នុងនោះ ដើមឈើចំនួន៤ដើមគួរដកហូតចេញជាបន្ទាន់ រួមមានដើមយាង១ដើម ដកព១ដើម ត្រាច១ដើម និងចំបក់១ដើម ដែលដើមឈើទាំង៤ដើមនេះមានហានិភ័យខ្ពស់ ធ្លាប់កើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយដុះទ្រេតខ្លាំងជាប់គន្លងផ្លូវកង់ និងនៅជាប់ចំណុចផ្លូវកោងទៀតផង។ វិធានការនេះដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតអ្នកដំណើរដែលបានឆ្លងកាត់ទីនោះ។ ចំណែកឯដើមឈើចំនួន១៩ដើមទៀតដែលមានហានិភ័យមធ្យមរួមមាន ដើមធ្លក៤ដើម យាង៧ដើម ចំបក់៦ដើម និងត្រាច២ដើម អាជ្ញាធរជាតិអប្សរា នឹងដាក់ផ្លាកសញ្ញាចំណាំងផ្លាតនៅលើដើមឈើទាំងនោះ និងបកកៅស៊ូផ្លូវកង់ដែលវាងដើមឈើចេញ ដែលវិធានការមួយនេះអាចរក្សាទុកដើមឈើទាំង១៩ដើមជាបន្តទៀត។ អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តន៍កិច្ចការខាងលើក្នុងសប្ដាហ៍នេះ រហូតដល់បញ្ចប់ការងារ ៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    Share This Post: