អន្តរជាតិ

មេដឹកនាំរដ្ឋប្រហារនៅមីយ៉ាន់ម៉ាបានថ្លែងសុន្ទរកថាតាមទូរទស្សន៍ជាលើកដំបូង អះអាងអំពីភាពត្រឹមត្រូវនៃសកម្មភាពរដ្ឋប្រហារក្នុងប្រទេសខ្លួន

BY
autoadmin
February 9, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា មេដឹកនាំរដ្ឋប្រហារនៅមីយ៉ាន់ម៉ាលោក Min Aung Hlaing បានថ្លែងសុន្ទរកថាតាមទូរទស្សន៍ជាលើកដំបូង ដោយបានអះអាងអំពីភាពត្រឹមត្រូវនៃសកម្មភាពរដ្ឋប្រហាររបស់ក្រុមខ្លួន ខណៈទូទាំងប្រទេសកំពុងមានបាតុកម្មទ្រង់ទ្រាយធំរាប់ថ្ងៃមកហើយ។ លោកបាននិយាយថា ការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ដែលកាលនោះគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានឈ្នះយ៉ាងភ្លូកទឹកភ្លូកដីនោះ គឺមិនមានភាពត្រឹមត្រូវនោះទេ។ ស្របពេលជាមួយគ្នានេះដែរ ពួកយោធាក៏គ្រោងនឹងដាក់ការរឹតត្បឹតដូចជាបំរាមគោចរ និងការប្រមូលផ្ដុំជាដើម។

ជម្រាបផងដែរថា បាតុកម្មយ៉ាងធំនៅប្រទេសមីយ៉ាន់ម៉ា បានធ្វើឡើងរយៈពេល ៣ថ្ងៃ ជាប់ៗគ្នាមកហើយគិតត្រឹមថ្ងៃច័ន្ទ ដើម្បីប្រឆាំងជាមួយរបបយោធា បន្ទាប់ពីការចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកបក្សកាន់អំណាច។

តាមសម្ដីវេជ្ជបណ្ឌិតម្នាក់ដែលចូលរួមធ្វើបាតុកម្មបានប្រាប់ BBC ថា៖«ថ្ងៃនេះពួកយើងជាអ្នកជំនាញ ជាពិសេសអ្នកជំនាញស៊ីវិលដូចជា៖ វេជ្ជបណ្ឌិត វិស្វករ និងគ្រូ បានចេញមកបង្ហាញថាយើងទាំងអស់គ្នា រួមគ្នាក្នុងគោលបំណងនេះ។ ដើម្បីធ្វើឱ្យរបបផ្តាច់ការដួលរលំ»។

យ៉ាងណាសុន្ទរកថារបស់ឧត្តមសេនីយ៍លោក Min Aung Hlaing បានផ្តោតសំខាន់លើហេតុផលនៃការធ្វើរដ្ឋប្រហារ និងមិនសូវផ្តោតលើការគំរាមកំហែងដល់ក្រុមបាតុករឡើយ។ លោកថាគណៈកម្មការរៀបចំការបោះឆ្នោត បានខកខានក្នុងការស៊ើបអង្កេតភាពមិនប្រក្រតីទាក់ទងនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតកាលខែវិច្ឆិកា ហើយមិនបានអនុញ្ញាតឱ្យមានយុទ្ធនាការឃោសនាបោះឆ្នោតដោយយុត្តិធម៌ឡើយ។ លោកបានបន្ថែមថា របបរបស់លោកមិនមែនដូចជាកាលពីជំនាន់របបយោធា ដែលបានកាន់កាប់ប្រទេសមីយ៉ាន់ម៉ា ៤៩ឆ្នាំ ដែលបញ្ចប់ទៅវិញកាលពីឆ្នាំ២០១១ នោះទេ។

គាត់បានលើកឡើងនូវ «ប្រជាធិបតេយ្យពិត និងមានវិន័យ» ហើយបាននិយាយថា ពលរដ្ឋគួរតែជឿលើការពិត ហើយកុំធ្វើតាមអារម្មណ៍របស់ខ្លួនឯងពេក។ លោកនាយឧត្តមសេនីយ៍មិនបានចេញមុខគំរាមផ្ទាល់ដល់អ្នកតវ៉ាទេ ប៉ុន្តែគ្រាន់តែនិយាយថា គ្មាននរណាម្នាក់នៅពីលើច្បាប់ឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: