អន្តរជាតិ

ប្រទេសហ្គីណេបានប្រកាសជាផ្លូវការថា ប្រទេសខ្លួនកំពុងផ្ទុះការរីករាលដាលជំងឺអេបូឡាឡើងវិញ ក្រោយមានមនុស្ស៣នាក់បានស្លាប់

BY
autoadmin
February 15, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ប្រទេសហ្គីណេបានប្រកាសជាផ្លូវការថា ខ្លួនកំពុងដោះស្រាយជាមួយនឹងការរីករាលដាលនៃជំងឺអេបូឡា បន្ទាប់ពីមានមនុស្សយ៉ាងតិច ៣ នាក់ បានស្លាប់ដោយសារជំងឺនេះ។ អ្នកជំងឺដែលបានស្លាប់ និងមនុស្ស ៤នាក់ ផ្សេងទៀត បានធ្លាក់ខ្លួនឈឺមានអាការ រាគក្អួត និងហូរឈាម បន្ទាប់ពីពួកគេបានចូលរួមពិធីបុណ្យសពរបស់គិលានុបដ្ឋាយិកាម្នាក់ ដែលគាត់បានស្លាប់ដោយសារជំងឺនេះដូចគ្នា។ គេជឿថាអ្នកជំងឺប្រហែលជាបានប៉ះពាល់សាកសពរបស់គិលានុបដ្ឋាយិកាម្នាក់នោះ ខណៈដែលរយៈពេលមេរោគសំងំអាចមានចាប់ពី ២ថ្ងៃ ទៅ ៣សប្ដាហ៍។ ជម្រាបដែរថា នៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៦ មនុស្សជាង ១១,០០០ នាក់បានស្លាប់ នៅក្នុងការឆ្លងរាលដាលនៃជំងឺអេបូឡានៅអាហ្វ្រិកខាងលិច ដែលបានចាប់ផ្តើមនៅក្នុងប្រទេសហ្គីណេនេះផ្ទាល់។

ដើម្បីជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺនេះ ដែលភាគច្រើនប៉ះពាល់នៅប្រទេសហ្គីណេ និងអ្នកជិតខាងរបស់ខ្លួន ប្រទេសលីបេរីយ៉ា និងសៀរ៉ាឡេអូន ក៏កំពុងក្លាយជាទីតាំងសម្រាប់ការធ្វើតេស្ដសាកល្បងវ៉ាក់សាំងជាច្រើន បន្ទាប់ពីវាធ្លាប់ទទួលបានជោគជ័យជាមួយនឹងការផ្ទុះឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ឥឡូវនេះអង្គការសុខភាពពិភពលោកកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីអាចបញ្ជូនវ៉ាក់សាំងបង្ការជំងឺទៅកាន់តំបន់រងគ្រោះឱ្យទាន់ពេលវេលា។ វ៉ាក់សាំងអេបូឡាត្រូវបានសាកល្បងជាលើកដំបូងក្នុងរយៈពេល ៤ខែ ក្នុងឆ្នាំ២០១៥ នៅប្រទេសហ្គីណេ ហើយថ្នាំដែលអាចបង្កើនអត្រារស់រានមានជីវិតរបស់អ្នកជំងឺ ក៏ត្រូវបានបង្កើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែរ។

គួរឱ្យដឹងដែរថា ជំងឺអេបូឡាបានចម្លងដល់មនុស្សចេញពីសត្វដែលមានជំងឺដូចជា៖ សត្វស្វាឪ សត្វប្រចៀវ និងសត្វល្មាំងព្រៃ។ សាច់សត្វព្រៃដែលមិនត្រូវបានគេចាត់ចូលថាជាសត្វសម្រាប់ការប្រើប្រាស់របស់មនុស្ស ក៏ត្រូវបានគេគិតថាជាប្រភពធម្មជាតិនៃវីរុសអេបូឡា។ បន្ទាប់មកវាឆ្លងរវាងមនុស្សដោយការប៉ះពាល់ដោយផ្ទាល់ជាមួយឈាម អង្គធាតុរាវ ឬសរីរាង្គដែលមានមេរោគ ឬដោយប្រយោលតាមរយៈទំនាក់ទំនងជាមួយបរិស្ថានដែលមានជាតិកខ្វក់៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: