យោធាមីយ៉ាន់ម៉ាទំនងនឹងមិនឱ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ភ្លាមៗនោះទេ ទោះបីជាការឃុំខ្លួនត្រូវផុតកំណត់នៅថ្ងៃនេះក៏ដោយ
- BY
- autoadmin
- February 15, 2021
គិតមកទល់ពេលនេះគឺរយៈពេល ២ សប្ដាហ៍មកហើយ បន្ទាប់ពីរដ្ឋប្រហារយោធានៃប្រទេសមីយ៉ាន់ម៉ា បានចាប់ឃុំខ្លួនទីប្រឹក្សាលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក វីន ម្យីន៍ ក៏ដូចជាសមាជិកបក្សកាន់អំណាចដទៃទៀត កាលពីថ្ងៃទី០១ ដើមខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការអនុញ្ញាតពីតុលាការរបស់ប្រទេស។ នៅថ្ងៃច័ន្ទនេះផ្ទាល់ វាក៏ដល់ពេលដែលការឃុំខ្លួនត្រូវផុតកំណត់ផងដែរ ប៉ុន្តែក្រុមយោធាហាក់ដូចជាមិនព្រមឱ្យមានការដោះលែងអ្នកទាំង ២ ភ្លាមៗនោះទេ។ ពោលគឺក្រុមយោធាទំនងជានឹងទាមទារឱ្យមានការឃុំខ្លួនមេដឹកនាំទាំង ២នាក់ បន្ថែមទៀត ដោយសារបទចោទប្រកាន់មួយចំនួន។
![]()
ជម្រាបដែរថា ឯកសារដែលនគរបាលបញ្ជូនទៅតុលាការ បានចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ពីបទនាំចូលឧបករណ៍ទំនាក់ទំនងខុសច្បាប់ និងប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ហើយលោក វីន ម្យីន៍ ត្រូវបានគេចោទប្រកាន់ពីបទរំលោភលើពិធីសារបង្ការជំងឺឆ្លង នៅក្នុងកំឡុងពេលឃោសនាបោះឆ្នោតកាលពីខែកញ្ញាឆ្នាំមុន។ ចំណែកក្រុមយោធានិយាយថា ខ្លួនមិនបានបញ្ឈប់អំណាចរដ្ឋធម្មនុញ្ញទេ ហើយបាននិងកំពុងអនុវត្តច្បាប់តាមនីតិរដ្ឋ ប៉ុន្តែយោធាផ្ទាល់គឺបានព្យួររដ្ឋធម្មនុញ្ ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរសន្តិសុខឃុំខ្លួនពលរដ្ឋដោយមិនចាំបាច់មានការយល់ព្រមពីតុលាការទៅវិញ៕



អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






