កូនប្តឹងម្តាយខ្លួនឯង ព្រោះតែលួចលុយអាំងប៉ាវរបស់ពួកគេ
បុណ្យចូលឆ្នាំប្រពៃណីចិនទើបតែបានបញ្ចប់ទៅ ហើយវប្បធម៌នៃការចែកអាំងប៉ាវក៏ត្រូវបានបញ្ចប់ដែរ តែយ៉ាងណាក្តី នៅក្នុងប្រទេសចិនឯនោះវិញមានសារព័ត៌មានជាច្រើនបានចុះផ្សាយអំពីករណីកេញប្រវ័ញលុយអាំងប៉ាវនេះ ដែលឈានដល់ការប្តឹងផ្តល់គ្នាដល់តុលាការទៀតផង។ បើយោងតាមតុលាការប្រចាំខេត្ត Shandong បានចេញសេចក្តីប្រកាសមួយថា មានករណីស្រ្តីជាម្តាយម្នាក់បានលួយយកលុយអាំងប៉ាវរបស់កូនគាត់ទៅទុកជាច្រើនឆ្នាំមកហើយ បើគិតជាចំនួនលុយវិញគឺមានចំនួន ៩២០០ដុលា្លរ។
ស្រ្តីដែលរងនូវការចោទប្រកាន់គឺត្រូវកូនប្រុសខ្លួនឯងបង្កើតជាអ្នកប្តឹងទៅតុលាការ ព្រោះតែកូនដឹងថា ម្តាយបានយកលុយអាំងប៉ាវជាច្រើនរបស់គេទៅទុក តែដល់ពេលកូនរូបនោះសូមលុយទៅបង់ថ្លៃសិក្សានៅមហាវិទ្យាល័យស្រាប់តែម្តាយប្រាប់ថាគ្មានទេ ទើបកើតដល់មានរឿងប្ដឹងគ្នាដូចនេះ។ ករណីមួយទៀត គឺស្ត្រីម្នាក់ត្រូវអតីតស្វាមីរបស់ខ្លួនប្តឹងទៅតុលាការដែរ ព្រោះតែនាងបានលួចយកលុយអាំងប៉ាវរបស់កូនៗយកទុកចំនួន ៨,៨០០ដុល្លារ។
បុរសជាអតីតប្តីរូបនេះបានឲ្យដឹងថា ក្រោយពេលលែងលះជាមួយប្រពន្ធ គាត់តែងផ្តល់លុយអាំងប៉ាវដល់កូនៗ ដែលរស់នៅជាមួយប្រពន្ធជាប្រចាំ តែស្រ្តីជាអតីតប្រពន្ធរូបនោះតែយកលុយនេះទៅទុកដោយអះអាងថា កូនៗនៅតូចមិនទាន់ចេះចាយលុយនោះទេ តែរហូតដល់កូនធំចេះចាយលុយហើយ គាត់នៅតែមិនព្រមឲ្យលុយនោះទៅកូនទៀត ទើបបុរសជាអតីតប្តីប្ដឹងដូចនេះ។ តាមរយៈសេចក្តីប្រកាសរបស់តុលាចិនខាងលើនេះ វាហាក់ដូចជាការក្រើនរលឹកមួយ ដល់ឪពុកម្តាយមួយចំនួនតូចដែលធ្លាប់តែយកលុយអាំងប៉ាវកូនទៅទុក ត្រូវតែបញ្ឈប់ទម្លាប់នេះជាបន្ទាន់ចៀសវាងមាន បញ្ហាដូចក្នុងករណីខាងលើនេះ៕
ភក្តី
ប្រភព៖ nextshark
