អតីតរដ្ឋមន្ត្រីនីហ្សេរីយ៉ា Ngozi Okonjo-Iweala នឹងក្លាយជាអគ្គនាយិកាដំបូងបង្អស់សម្រាប់អង្គការពាណិជ្ជកម្មពិភពលោក
- BY
- autoadmin
- February 15, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃច័ន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសនីហ្សេរីយ៉ាលោកស្រី Ngozi Okonjo-Iweala ទំនងនឹងត្រូវប្រកាសថា ជាមេដឹកនាំស្ត្រីដំបូងបំផុតរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នាពេលឆាប់ៗនេះ។ អតីតយុទ្ធជនធនាគារពិភពលោករូបនេះ ត្រូវបានគេរំពឹងថា នឹងត្រូវគេជ្រើសរើសជាអគ្គនាយិកាថ្មី ហើយអ្វីដែលគាត់បានសម្លឹងឃើញមុនគេ គឺកំណែទម្រង់នៅក្នុងស្ថាប័នដែលពោរពេញទៅដោយបញ្ហា ដោយសារផលវិបាកនៃជំងឺ COVID-19 មួយនេះ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចូលរួមគាំទ្រលោកស្រីយ៉ាងខ្លាំង ក្រោយរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងលោកស្រី Yoo Myung-hee ដែលជាបេក្ខភាពប្រជែងចុងក្រោយបានធ្លាក់ពីការជ្រើសរើសនោះ។ បន្ទាប់ពីទទួលបានការគាំទ្រពីរដ្ឋបាលរបស់លោក ចូ បៃដិន លោកស្រី Okonjo-Iweala ក៏បាននិយាយកាលថ្ងៃទី០៦ ខែកុម្ភៈ កន្លងទៅដែរថា៖«ខ្ញុំទន្ទឹងរងចាំការសម្រេចចុងក្រោយនៃដំណើរការនេះ»។
អង្គការនេះក៏មានសេចក្តីត្រេកអរផងដែរក្នុងការបញ្ចប់ដំណើរការជ្រើសរើស ដោយសារថាចាប់តាំងពីលោក Roberto Azevedo បានចុះចេញពីតំណែងកាលពីខែសីហាឆ្នាំមុន ស្ថាប័ននេះគឺគ្មានអគ្គនាយកមកគ្រប់គ្រងនោះទេ ។ ដំណើរការនៃការជ្រើសរើសបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន ៨នាក់ ដើម្បីមកទទួលបន្ទុកនេះ ធ្លាប់ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែវិច្ឆិកាឆ្នាំមុន ប៉ុន្តែរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរារាំងមិនឱ្យមានការឯកភាពគ្នា ក្នុងការតែងតាំងលោកស្រី Okonjo-Iweala នោះឡើយ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






