អន្តរជាតិ

ជប៉ុននឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនពលរដ្ឋ ចាប់ពីថ្ងៃពុធសប្ដាហ៍នេះតទៅ

BY
autoadmin
February 15, 2021

ស្ថិតក្នុងកិច្ចប្រជុំគណៈកម្មាធិការសភាជាន់ទាបនៅថ្ងៃច័ន្ទនេះ នាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងចាប់ផ្តើមនៅថ្ងៃពុធសប្ដាហ៍នេះ ដោយចាប់ផ្ដើមពីបុគ្គលិកពេទ្យទៅ។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់វ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបានជូនពលរដ្ឋ។

គួររំលឹកផងដែរថា ប្រទេសជប៉ុនក៏ទើបតែបានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer កាលពីថ្ងៃអាទិត្យផងដែរ។

សមាជិកសភានៃគណបក្សប្រជាធិបតេយ្យសេរីលោក Murai Hideki បាននិយាយថា កន្លែងចាក់វ៉ាក់សាំងផ្សេងៗគួរតែត្រូវបានរៀបចំឡើង ដូច្នេះការចាក់ថ្នាំបង្ការរោគអាចត្រូវបានផ្តល់ជូនប្រជាជនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ លោកបានចង្អុលបង្ហាញថា ប្រជាជនវ័យចំណាស់មិនគួរទៅកន្លែងចាក់វ៉ាក់សាំងដែលបានកំណត់ទេ ប៉ុន្តែពួកគាត់គួរតែអាចទទួលបានការចាក់ថ្នាំបង្ការនៅឯមណ្ឌលសុខភាព៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: