WHO សម្រេចចុះបញ្ជីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford សម្រាប់ការប្រើប្រាស់បន្ទាន់ជាផ្លូវការ
- BY
- autoadmin
- February 17, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័របានឱ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃច័ន្ទ បានចុះបញ្ជីវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford សម្រាប់ការប្រើប្រាស់បន្ទាន់ជាផ្លូវការ ដែលបើកផ្លូវឱ្យមានការចែកចាយវ៉ាក់សាំងនេះយ៉ាងទូលំទូលាយជាងមុន។ លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បាននិយាយថា៖«ឥឡូវយើងមានគ្រប់យ៉ាងទាំងអស់សម្រាប់ការចែកចាយវ៉ាក់សាំង។ ប៉ុន្តែយើងនៅតែត្រូវការការពង្រីកផលិតកម្ម»។ លោកបានមានប្រសាសន៍ថា៖«យើងបន្តអំពាវនាវដល់អ្នកអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 បញ្ជូនឯកសាររបស់ពួកគេទៅអង្គការសុខភាពពិភពលោកដើម្បីធ្វើការពិនិត្យ ក្នុងពេលតែមួយនៅពេលដែលពួកគេបញ្ជូនវ៉ាក់សាំងទៅនិយតករនៅប្រទេសដែលមានប្រាក់ចំណូលខ្ពស់»។

សេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនក៏បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ AstraZeneca/Oxford ដែលត្រូវបានផលិតដោយក្រុមហ៊ុន AstraZeneca-SKBio (សាធារណរដ្ឋកូរ៉េ) និងវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌាផងដែរ។ ចំណែកខាងក្រុមហ៊ុន AstraZeneca ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ដែលបានប្រកាសពីការអនុម័តនេះថា «នៅក្នុងឆមាសទី ១ នៃឆ្នាំ២០២១ គេសង្ឃឹមថា វ៉ាក់សាំងជាង ៣០០ លានដូស នឹងអាចរកបានសម្រាប់ប្រទេសចំនួន ១៤៥ តាមរយៈកម្មវិធី COVAX ។
ការចុះបញ្ជីដោយទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាភិបាលរបស់ WHO បានផ្តល់ជាអនុសាសន៍បណ្តោះអាសន្នស្តីពីវ៉ាក់សាំងនេះ ដោយនិយាយថា វ៉ាក់សាំងដែលត្រូវការចាក់ ២ដង ពីចន្លោះពេលប្រហែល ៨ ទៅ ១២ សប្តាហ៍ គួរតែត្រូវបានផ្តល់ជូនដល់មនុស្សពេញវ័យទាំងអស់ ហើយអាចត្រូវបានប្រើនៅក្នុងប្រទេសដែលមានជំងឺ COVID-19 ដែលបំលែងថ្មីនៅអាហ្វ្រិកខាងត្បូង។ ការពិនិត្យរបស់អង្គការសុខភាពពិភពលោកបានរកឃើញថា វ៉ាក់សាំង Astrazeneca បានបំពេញតាមលក្ខណៈវិនិច្ឆ័យ ដូច្នេះវាមានប្រយោជន៍សម្រាប់សុវត្ថិភាព ហើយប្រសិទ្ធភាពរបស់វាមានច្រើនជាងហានិភ័យ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






