នាយករដ្ឋមន្រ្តីថៃបានដើរចេញពីតុសភាភ្លាមៗ ក្រោយខំថ្លែងសន្ទរកថាពន្យល់តំណាងរាស្ត្រ តែគ្មានអ្នកស្ដាប់គិតតែពីសើចដាក់គាត់
- BY
- autoadmin
- February 19, 2021
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចានអូចា បានដើរចេញពីតុពិភាក្សាក្នុងសភាភ្លាមៗ ដោយសារតែសមាជិកសភាគិតតែពីសើច មិនស្តាប់សន្ទរកថារបស់លោកទាល់តែសោះ។ បើតាមសារព័ត៌មាន Thai PBS World បានរាយការណ៍ថា ហេតុការណ៍នោះបានកើតឡើងនៅក្នុងសភាកាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ខណៈដែលលោកនាយករដ្ឋមន្រ្តីកំពុងពន្យល់អំពីគម្រោងតំបន់សេដ្ឋកិច្ចភាគខាងត្បូង ដែលជាផ្នែកមួយនៃការជជែកដេញដោលគ្នានោះ។ មុនពេលដើរចេញពីតុសភាលោកបាននិយាយថា៖«ខ្ញុំគិតថាខ្ញុំនឹងឈប់ត្រឹមនេះ ព្រោះគ្មានអ្នកណាស្តាប់ខ្ញុំទេ គិតតែពីសើច។ អរគុណ»។

លោកនាយករដ្ឋមន្រ្តីបានមកអង្គុយជជែកដេញដោលគ្នានេះ គឺបន្ទាប់ពីមានការចោទប្រកាន់ពីសមាជិកសភាគណបក្សប្រឆាំងលោក Prasertpong Sornnuwat មកពីគណបក្ស Kao Klai ដែលបានចោទប្រកាន់អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Nipon Boonyamanee ពីបទរំលោភអំណាច ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងគ្នីគ្នា។ សមាជិកបក្សប្រឆាំងរូបនោះបានចោទប្រកាន់លោក Nipon Boonyamanee ពីការផ្លាស់ទីលំនៅរបស់អ្នកភូមិនៅខេត្ត Songkhla ភាគខាងត្បូង ដោយបង្ខំឱ្យពួកគេលក់ដីរបស់ពួកគេដើម្បីធ្វើផ្លូវ សម្រាប់ការអភិវឌ្ឍនៅក្នុងគម្រោងតំបន់សេដ្ឋកិច្ចខាងត្បូង។
ប៉ុន្តែលោក Nipon Boonyamanee បានអះអាងថា ជម្លោះដីធ្លីបានកើតឡើងមុនពេលដែលលោកទទួលខុសត្រូវលើគម្រោងនោះទៅទៀត ដោយទទូចថាការចោទប្រកាន់របស់លោក Prasertpong Sornnuwat គឺគ្មានមូលដ្ឋានទេ ហើយគម្រោងនេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅតំបន់នោះ។ នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចានអូចា ក៏បានចូលរួមការពារគម្រោងនោះ ដោយនិយាយថា រដ្ឋាភិបាលកំពុងធ្វើការដើម្បីដោះស្រាយ និងនាំមកនូវវិបុលភាពនៅក្នុងតំបន់។
លោកនាយករដ្ឋមន្ត្រីបានបដិសេធការលើកឡើងថា មិនមានការរីកចម្រើនណាមួយលើគម្រោងនោះ ដោយទទូចថា វាស្ថិតនៅក្នុងដំណាក់កាលត្រៀម ហើយនិយាយថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធត្រូវតែត្រៀមរួចរាល់ មុនពេលវិនិយោគិនសម្រេចចិត្តបោះទុនចូលក្នុងតំបន់នោះ។ ទោះយ៉ាងណាក៏ដោយវាបង្ហាញថា គាត់មានការខកចិត្តយ៉ាងខ្លាំង ដែលអ្នកខ្លះមិនបានស្តាប់ការពន្យល់របស់គាត់ទេ ទើបបានជាគាត់ដើរចេញពីតុពិភាក្សាបែបនោះ៕
สงสารน้องงงงง แอบน้อยใจอ่ะ 55555 #อภิปรายไม้ไว้วางใจ pic.twitter.com/Ux4Yuzwmp4
— dei III (@webdevxp) February 18, 2021



អត្ថបទ៖ លីដា
ប្រភព៖ The Thaiger
- Share This Post:






