អន្តរជាតិ

ប្រទេសរុស្ស៊ីរកឃើញករណីវីរុសផ្តាសាយបក្សី H5N8 ឆ្លងពីបក្សីទៅមនុស្សជាលើកដំបូងបង្អស់លើពិភពលោក

BY
autoadmin
February 22, 2021

តាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ បានរកឃើញករណីឆ្លងវីរុសផ្តាសាយបក្សី H5N8 ពីបក្សីទៅមនុស្សជាលើកដំបូងបង្អស់លើពិភពលោក ហើយក៏បានជូនដំណឹងនេះដល់អង្គការសុខភាពពិភពលោករួចផងដែរ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ប្រធានផ្នែកឃ្លាំមើលសុខភាពរបស់រុស្ស៊ី Rospotrebnadzor គឺអ្នកស្រី Anna Popova បាននិយាយថា អ្នកវិទ្យាសាស្ត្រនៅមន្ទីរពិសោធន៍ Vektor ធ្វើតេស្ដលើកម្មករចំនួន ៧នាក់ នៅកសិដ្ឋានចិញ្ចឹមសត្វមួយ នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដែលជាកន្លែងមានការផ្ទុះឡើងនៃជំងឺលើបក្សីកាលពីក្នុងខែធ្នូ ដោយបានបន្ថែមថា កម្មករមិនបានរងគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរទេ ហើយពួកគេត្រូវបានគេជឿថា បានឆ្លងជំងឺពីបក្សីរបស់កសិដ្ឋាន។

គួរឱ្យដឹងដែរថា វីរុសផ្ដាសាយបក្សី H5N8 បង្កគ្រោះថ្នាក់ដល់សត្វបក្សីខ្លាំងណាស់ ប៉ុន្តែវាមិនដែលត្រូវបានគេរាយការណ៍ថា ធ្លាប់ឆ្លងរាលដាលដល់មនុស្សនោះទេ។ លោកស្រី Popova ក៏បានសរសើរការរកឃើញដ៏សំខាន់នេះ ដោយនិយាយថា «ពេលវេលានឹងប្រាប់ចម្លើយ» ប្រសិនបើវីរុសអាចបន្ដបំលែងខ្លួនទៀត។ លោកស្រីបាននិយាយថា៖ «ការរកឃើញការបំលែងទាំងនេះ នៅពេលវីរុសមិនទាន់មានសមត្ថភាពពេញលេញក្នុងការចម្លងពីមនុស្សទៅមនុស្ស ផ្តល់ឱ្យយើងនិងពិភពលោកទាំងមូលមានពេលវេលា ដើម្បីត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរណាមួយដែលអាចកើតមាន និងឆ្លើយតបទៅវិញភ្លាមៗឲ្យបានទាន់ពេលវេលា»។ ចំណែកអង្គការសុខភាពពិភពលោក WHO បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ខ្លួនត្រូវបានជូនដំណឹងដោយប្រទេសរុស្ស៊ីអំពីការអភិវឌ្ឍនេះ ខណៈអ្នកជំងឺទាំងនោះក៏មិនបានចេញរោគសញ្ញាដែរ ហើយក៏មិនទាន់ឆ្លងពីមនុស្សទៅមនុស្សដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: