អន្តរជាតិ

អាហ្សង់ទីនបានអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុន Sinopharm សម្រាប់ការប្រើប្រាស់បន្ទាន់

BY
autoadmin
February 22, 2021

ប្រទេសអាហ្សង់ទីនកាលពីថ្ងៃអាទិត្យ បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិន Sinopharm សម្រាប់ការប្រើប្រាស់ជាបន្ទាន់។ ការិយាល័យរបស់ប្រធានាធិបតីលោក Alberto Fernandez បានប្រកាសថា វ៉ាក់សាំងចិនដែលត្រូវការចាក់ ២ដង ចំនួន ១ លានដូស ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសនេះក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ។ រដ្ឋាភិបាលបាននិយាយថា៖ «វានឹងក្លាយជាវ៉ាក់សាំងថ្មីមួយដែលប្រទេសរបស់យើងនឹងមាន ជាផ្នែកមួយនៃយុទ្ធសាស្ត្រការពាររបស់រដ្ឋាភិបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19»។

អាហ្សង់ទីនដែលមានប្រជាជនប្រមាណ ៤៥ លាននាក់ រហូតមកដល់ពេលនេះបានទទួលវ៉ាក់សាំង Sputnik V ចំនួន ១.២២ លានដូស ពីវិទ្យាស្ថាន Gamaleya របស់រុស្ស៊ី និងវ៉ាក់សាំង Covishield ចំនួន ៥៨០,០០០ ដូស ដែលផលិតដោយវិទ្យាស្ថាន Serum ឥណ្ឌា និងអភិវឌ្ឍដោយសាកលវិទ្យាល័យ Oxford និង AstraZeneca ។ ប្រទេសនេះក៏បានចុះកត់ត្រាករណីឆ្លងជំងឺ COVID-19 ជាង ២ លានករណី ហើយមានមនុស្សជាង ៥១,០០០ នាក់ បានស្លាប់ដោយវា។

រដ្ឋមន្រ្តីសុខាភិបាលរបស់អាហ្សង់ទីនលោកស្រី Carla Vizzotti ដែលបានស្បថចូលកាន់តំណែងកាលពីថ្ងៃសៅរ៍ ក៏បានសន្យាពង្រឹងការត្រួតពិនិត្យ និងតម្លាភាពនៃកម្មវិធីចាក់ថ្នាំបង្ការ។ គួរឱ្យដឹងដែរថា អ្នកកាន់តំណែងមុនរបស់លោកស្រីបានលាឈប់ពីតំណែងកាលពីថ្ងៃសុក្រ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រជាជនអាចប្រើសែបណ្ដាញ ដើម្បីទទួលបានសិទ្ធិជាអាទិភាពក្នុងការចាក់វ៉ាក់សាំង COVID-19 ដែលធ្វើឱ្យមានសម្ពាធដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Fernandez ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: