អន្តរជាតិ

អង្គការសហប្រជាជាតិអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ា បញ្ឈប់ការបង្ក្រាបឃោរឃៅទៅលើក្រុមបាតុករ

BY
autoadmin
February 23, 2021

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ា បញ្ឈប់ការបង្ក្រាបលើក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ លោក Guterres បានថ្លែងបែបនេះនៅក្នុងសុន្ទរកថាវីដេអូមួយ ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅប្រទេសស្វីសកាលពីថ្ងៃច័ន្ទ ដោយបានមានប្រសាសន៍ថា៖«យើងមើលឃើញការធ្វើឱ្យចុះខ្សោយនៃលទ្ធិប្រជាធិបតេយ្យ ការប្រើប្រាស់កម្លាំងឃោរឃៅ ការចាប់ខ្លួនតាមអំពើចិត្ត ការបង្ក្រាបនៅក្នុងគ្រប់រូបភាពទាំងអស់»។

លោក Antonio Guterres បានកត់សម្គាល់ផងដែរថា៖«ខ្ញុំសូមអំពាវនាវដល់យោធាមីយ៉ាន់ម៉ាឱ្យបញ្ឈប់ការបង្ក្រាបជាបន្ទាន់។ ដោះលែងអ្នកទោស។ បញ្ឈប់អំពើហឹង្សា គោរពសិទ្ធិមនុស្ស និងឆន្ទៈរបស់ប្រជាជនដែលបានបង្ហាញនៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ»។ ជម្រាបដែរថា ការតវ៉ានៅប្រទេសភូមានៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ចាប់តាំងពីទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក វីន ម្យីន៍ ត្រូវបានរដ្ឋប្រហារយោធាចាប់ឃុំខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖​ NHK

Share This Post: