បាតុករនៅមីយ៉ាន់ម៉ាម្នាក់ទៀតបានបាត់បង់ជីវិត ក្រោយយោធាចាប់ផ្ដើមប្រើកម្លាំងបាយបាញ់បោះបំបែកក្រុមអ្នកតវ៉ាតាមដងផ្លូវ
- BY
- autoadmin
- February 24, 2021
ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានវិលត្រឡប់មកតាមដងផ្លូវទីក្រុង និងទីប្រជុំជនវិញនៅថ្ងៃអង្គារម្សិលមិញនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន U.S. News ។ នៅទីក្រុង Mandalay ដែលជាទីក្រុងធំបំផុតទី២ របស់ប្រទេសមីយ៉ាន់ម៉ា ពិធីបុណ្យសពមួយត្រូវបានធ្វើឡើងសម្រាប់លោក Thet Naing Win អាយុ ៣៧ឆ្នាំ ដែលជាអ្នកតវ៉ាម្នាក់ក្នុងចំណោម ២នាក់ ដែលត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

លោកនិងក្មេងជំទង់ម្នាក់ទៀតត្រូវបានគេសម្លាប់ នៅពេលដែលប៉ូលីស និងយោធាបានបើកការបាញ់បោះបំបែកហ្វូងអ្នកតវ៉ា ដោយសារក្រុមអ្នកតវ៉ាព្យាយាមចូលទៅគាំទ្រក្រុមកម្មករដែលចេញមកធ្វើការប្រឆាំងរួមគ្នា ប៉ុន្តែអាជ្ញាធរបានបង្ខំក្រុមកម្មករឱ្យត្រឡប់ទៅធ្វើការរបស់ពួកគេវិញ។ កម្មករបានចេញមកតវ៉ា ក៏ដូចជាក្រុមអ្នកធ្វើការស៊ីវិល និងកម្មករសហគ្រាសផ្សេងទៀត សុទ្ធតែបានមកចូលរួមក្នុងចលនារើបម្រះ (Civil disobedience) ដើម្បីប្រឆាំងនឹងរដ្ឋប្រហារកាលពីថ្ងៃទី០២ ខែកុម្ភៈ កន្លងទៅនេះ និងការចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក វីន ម្យីន៍ ។
ចំណែកក្រុមយោធាមីយ៉ាន់ម៉ានៅតែប្រកាន់ជំហររបស់ពួកគេ ដោយបាននិយាយថា ពួកគេធ្វើរដ្ឋប្រហារនេះ ដោយសារតែមានភាពមិនប្រក្រតីចំពោះលទ្ធផលបោះឆ្នោតកាលពីខែវិច្ឆិកាចុងឆ្នាំមុន។ ការអះអាងរបស់ពួកយោធាធ្លាប់ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតបដិសេធ លុះក្រោយមកសមាជិករបស់គណៈកម្មការក៏ត្រូវបានពួកយោធារើរុះចេញទៀត។ ពួកយោធានិយាយថា ពួកគេនឹងគ្រប់គ្រងប្រទេសនេះរយៈពេលមួយឆ្នាំពេញ ក្រោមហេតុផលដាក់ប្រទេសក្នុងគ្រាអាសន្ន ហើយធ្វើការស្រង់មតិតាមក្រោយ៕



អត្ថបទ៖ លីដា
ប្រភព៖ U.S. News
- Share This Post:






