អន្តរជាតិ

វៀតណាមបើកការធ្វើតេស្ដរកជំងឺកូវីដ១៩ ដោយចៃដន្យនៅតាមភោជនីយដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍

BY
autoadmin
February 24, 2021

វៀតណាម៖ ពលរដ្ឋនៅទីក្រុងហូជីមិញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលអាជ្ញាធរក្រុងបានអនុវត្តការធ្វើតេស្តរកជំងឺ COVID-19 នៅតាមភោជនីយដ្ឋាននានា កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។ គណៈកម្មាធិការប្រជាជនស្រុក ប៊ិញថាញ់ បានសហការជាមួយមន្ទីរពេទ្យ និងស្ថានីយវេជ្ជសាស្ត្រ ដើម្បីយកសំណាកអតិថិជន និងបុគ្គលិកនៅតាមភោជនីយដ្ឋានជាច្រើនរបស់ស្រុក ដោយធ្វើការតេស្ដសាកល្បងដោយចៃដន្យទៅលើ ១០ តំបន់ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែកុម្ភៈ មានសំណាកសរុបចំនួន ៣២ ត្រូវបានយកនៅភោជនីយដ្ឋានចំនួន ៣ តាមបណ្តោយផ្លូវ Phan Van Tri និង Pham Van Dong។ ទោះបីជាមានការធ្វើតេស្តនៅកន្លែងបែបនោះក៏ដោយ ក៏មនុស្សជាច្រើនបានស្វាគមន៍ចំពោះចលនានេះ ហើយសំណាករបស់ពួកគេនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺទីក្រុងហូជីមីញ។ ក្នុងនោះផងដែរ ម្ចាស់ហាងមួយចំនួនក៏បានរងការស្ដីបន្ទោស ឬផាកពិន័យជាប្រាក់ផងដែរ ដោយសារតែពួកគេមិនបានផ្ដល់ជូនអាល់កុលលាងដៃ ឬទទួលអតិថិជនច្រើនជាង ៣០នាក់ ក្នុងពេលតែមួយ ដែលប្រការនេះគឺវាផ្ទុយពីវិធានការទប់ស្កាត់ជំងឺឆ្លង។

ចំណែកគណៈកម្មាធិការប្រជាជនស្រុក ប៊ិនតាន់ ក៏បានប្រកាសដែរថា ពួកគេបានផាកពិន័យភោជនីយដ្ឋានចំនួន ៥ និងមនុស្ស ២៤ នាក់ ដែលមិនបានពាក់ម៉ាស់។ ពួកគេក៏បានធ្វើការជាមួយទីភ្នាក់ងារផ្សេងទៀត ដើម្បីចាប់ផ្តើមយកសំណាកសម្រាប់ការធ្វើតេស្តរកជំងឺ COVID-19 នៅតាមភោជនីយដ្ឋាន ដើម្បីរកករណីថ្មីឱ្យបានឆាប់រហ័ស៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: