អន្តរជាតិ

អ្នកវិទ្យាសាស្ត្រ WHO និយាយថា ពុំមានភស្តុតាងដែលថាវីរុសកូរ៉ូណា បែកចេញពីមន្ទីរពិសោធន៍នៅក្រុងវូហាននោះទេ

BY
autoadmin
February 24, 2021

អ្នកវិទ្យាសាស្ត្រអូស្រ្តាលីលោក Dominic Dwyer ដែលស្ថិតនៅក្នុងក្រុមបេសកកម្មរបស់អង្គការសុខភាពពិភពលោក (WHO) ទៅកាន់ប្រទេសចិនបាននិយាយថា វីរុសកូរ៉ូណា (វីរុសនៃជំងឺ COVID-19) មិនទំនងត្រូវបានបែកចេញពីមន្ទីរពិសោធន៍នោះទេ។ លោកបាននិយាយថា ក្រុមការងាររបស់លោកបានចុះធ្វើការពិនិត្យមើល ដើម្បីរកការពិតថា តើវីរុសពិតជាបែកចេញពីមន្ទីរពិសោធន៍នៅក្រុងវូហានឬក៏យ៉ាងណា? ព្រោះកន្លងមកមានការចោទគ្នាខាងនយោបាយជាច្រើនលើបញ្ហានេះ។

លោក Dominic Dwyer  បានបន្ដថា៖«យើងបានសន្និដ្ឋានថាវាមិនទំនងនោះទេ។ យើងបានឮថាសំណាកឈាមរបស់អ្នកវិទ្យាសាស្ត្រ ដែលត្រូវបានយកនិងរក្សាទុកជាប្រចាំ ត្រូវបានគេធ្វើតេស្តរកមើលសញ្ញាថាពួកគេធ្លាប់ឆ្លងជំងឺនេះឬទេ។ ប៉ុន្តែមិនមានភស្តុតាងណាមួយចំពោះវីរុសកូរ៉ូណានោះទេ។ យើងក៏ពិនិត្យមើលការធ្វើសវនកម្មជីវសាស្ត្ររបស់ពួកគេ។ តែគ្មានភស្តុតាងទេ»។

ជម្រាបដែរថា លោក Dwyer និងអ្នកវិទ្យាសាស្ត្រដទៃទៀតក្នុងបេសកកម្មរបស់អង្គការសុខភាពពិភពលោកបានមកដល់ទីក្រុងវូហាន នៅខេត្ត Hubei របស់ប្រទេសចិន កាលពីថ្ងៃទី១៤ ខែមករា។ រួមជាមួយអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញជនជាតិចិន ក្រុមបេសកកម្មរបស់អង្គការសុខភាពពិភពលោកបានធ្វើដំណើរទៅកន្លែងជាច្រើននៅទូទាំងទីក្រុង រួមទាំងវិទ្យាស្ថានវិសាណូសាស្ដ្រក្រុងវ៉ូហាន បន្ទាប់ពីធ្វើចត្តាឡីស័កអស់រយៈពេល ១៤ថ្ងៃ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN,

Share This Post: