តុលាការប្រទេសចិនបានបង្គាប់ឱ្យបុរសម្នាក់ សងជំងឺចិត្តដល់ប្រពន្ធជិត ៨,០០០ ដុល្លារ សម្រាប់ការងារផ្ទះដែលប្រពន្ធធ្វើរយៈពេល ៥ ឆ្នាំកន្លងមក
- BY
- autoadmin
- February 24, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា តុលាការផ្នែកលែងលះនៅទីក្រុងប៉េកាំង បានបង្គាប់ឱ្យបុរសម្នាក់សងជំងឺចិត្តដល់ប្រពន្ធរបស់គាត់ចំនួន ៥ ម៉ឺនយ័ន (៧,៧០០ ដុល្លារអាមេរិក) សម្រាប់កម្លាំងពលកម្មដែលមិនបានបង់ប្រាក់រយៈពេល ៥ឆ្នាំ ដែលពួកគេនៅជាប្ដីប្រពន្ធនឹងគ្នា។ ករណីនេះបានបង្កឱ្យមានការជជែកវែកញែកយ៉ាងធំតាមអ៉ីនធឺណេតលើតម្លៃការងារផ្ទះរបស់ស្ត្រីជាប្រពន្ធ ដោយអ្នកខ្លះនិយាយថាចំនួនសំណងនេះគឺនៅតិចតួចណាស់។ សេចក្តីសម្រេចនេះធ្វើឡើង បន្ទាប់ពីប្រទេសចិនបានដាក់ចេញនូវច្បាប់ក្រមរដ្ឋប្បវេណីថ្មីស្ដីពីការលែងលះគ្នា។

រូបភាពតំណាង
យោងតាមកំណត់ត្រារបស់តុលាការបាននិយាយថា បុរសនោះមាននាមត្រកូល Chen ហើយគាត់បានដាក់ពាក្យសុំលែងលះប្រពន្ធគាត់ ដែលមាននាមត្រកូល Wang កាលពីឆ្នាំមុន បន្ទាប់ពីបានរៀបការជាមួយគ្នានៅឆ្នាំ២០១៥។ ដំបូងឡើយស្ត្រីជាប្រពន្ធមានការស្ទាក់ស្ទើរក្នុងការលែងលះ ប៉ុន្តែក្រោយមកបានស្នើសុំសំណងហិរញ្ញវត្ថុ ដោយលើកហេតុផលថា លោក Chen មិនបានមើលការខុសត្រូវការងារផ្ទះ ឬថែទាំកូនឱ្យបានល្អនោះទេ។ ក្រោយមកតុលាការស្រុក Fangshan នៃទីក្រុងប៉េកាំង ក៏បានសម្រេចតាមការស្នើរបស់នាង ដោយបង្គាប់ឱ្យបុរសជាប្ដីបង់ប្រាក់ប្រចាំខែចំនួន ២,០០០ យ័ន ក៏ដូចជាការទូទាត់ចំនួន ៥ ម៉ឺនយ័ន សម្រាប់កិច្ចការផ្ទះដែលនាងបានធ្វើសម្រាប់រយៈពេលដែលនៅជាមួយគ្នាកន្លងមក។
តុលាការក៏បានបន្ថែមផងដែរថា ការលែងលះគ្នាដោយមានការបែងចែកទ្រព្យសម្បត្តិគឺជារឿងធម្មតា ប៉ុន្តែការងារក្នុងផ្ទះជាផ្នែកមួយនៃតម្លៃទ្រព្យអរូបី ដូច្នេះត្រូវតែមានសំណងដូចគ្នា។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងស្របតាមក្រមរដ្ឋប្បវេណីថ្មី ដែលបានចូលជាធរមាននៅឆ្នាំ២០២១នេះ ដែលបានចែងមកថា ប្តីប្រពន្ធមានសិទ្ធិស្វែងរកសំណងក្នុងការលែងលះគ្នា ប្រសិនបើគាត់មានបន្ទុកច្រើនក្នុងការចិញ្ចឹមកូន ថែទាំសាច់ញាតិចាស់ជរា និងជួយដៃគូក្នុងការងាររបស់ពួកគេ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






