អន្តរជាតិ

ថៃដាក់ទោសពន្ធនាគារមនុស្ស ២៩នាក់ រួមមានទាំងរដ្ឋមន្រ្តីរដ្ឋាភិបាលបច្ចុប្បន្ន ពីបទធ្វើការតវ៉ាប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីអំឡុងឆ្នាំ២០១៣-២០១៤

BY
autoadmin
February 25, 2021

រដ្ឋមន្រ្តីរដ្ឋាភិបាលថៃមួយចំនួនបានជាប់ពន្ធនាគារ ដោយសារពួកគេចូលរួមក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលធ្លាប់បានធ្វើឱ្យទីក្រុងបាងកកដួលរលំ ហើយទីបំផុតនាំឱ្យមានរដ្ឋប្រហារយោធាឆ្នាំ២០១៤។ កាលពីម្សិលមិញតុលាការព្រហ្មទណ្ឌបានផ្តន្ទាទោសដាក់ពន្ធនាគារដល់អតីតសមាជិកគណៈកម្មាធិការកែទម្រង់លទ្ធិប្រជាធិបតេយ្យប្រជាជន (PDRC) ចំនួន ២៩ នាក់ ដែលអ្នកខ្លះកំពុងបម្រើក្នុងរដ្ឋបាលបច្ចុប្បន្ន។

អតីតអ្នកនយោបាយ និងជាអតីតឧបនាយករដ្ឋមន្រ្តីលោក Suthep Thaugsuban បានត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទដឹកនាំការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលលោកស្រី យីងឡាក់ ក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៤។ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Thaworn Senniam បានទទួលការកាត់ទោស ៤ឆ្នាំ ហើយលោក Buddhipongse Punnakanta អតីតរដ្ឋមន្រ្តីសេដ្ឋកិច្ចនិងសង្គមឌីជីថល ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ។

សរុបទៅអតីតសមាជិក PDRC ចំនួន ២៩នាក់ ត្រូវបានគេរកឃើញថាមានពិរុទ្ធ រួមមានការចោទប្រកាន់អំពើភេរវកម្ម និងការបះបោរ ជាមួយនឹងការកាត់ទោសពី ៤ខែ ដល់ ១១ឆ្នាំ។ ឥឡូវនេះពួកគេត្រូវបានហាមឃាត់មិនឱ្យកាន់តំណែងនយោបាយនោះទេ មានន័យថានាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធចាន់អូចា ប្រហែលជាកំពុងពិនិត្យមើលការរុះរើគណៈរដ្ឋមន្រ្តី។ លោកបានកាន់តំណែងជានាយករដ្ឋមន្រ្តីចាប់តាំងពីដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារយោធាឆ្នាំ២០១៤ ដែលពេលនោះវាបានបញ្ចប់ការតវ៉ារបស់ PDRC ៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: