អន្តរជាតិ

អត្រាកំណើតនៅកូរ៉េខាងត្បូងបានថយចុះក្នុងកម្រិតព្រួយបារម្ភបំផុត ខណៈមានទារកថ្មីតែ ២៧ម៉ឺននាក់ កាលពីឆ្នាំមុន

BY
autoadmin
February 25, 2021

ទិន្នន័យពីការិយាល័យស្ថិតិបានបង្ហាញកាលពីថ្ងៃពុធថា ការសម្រាលកូនរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះគួរឱ្យកត់សម្គាល់កាលពីឆ្នាំមុន ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការធ្លាក់ចុះយ៉ាងគំហុកនេះ។ យោងតាមស្ថិតិកូរ៉េបានឱ្យដឹងថា ចំនួនទារកទើបនឹងកើតមានចំនួន ២៧២,៤០០ នាក់ ក្នុងឆ្នាំ២០២០ ដែលធ្លាក់ចុះ ១០% បើប្រៀបធៀបទៅនឹងឆ្នាំមុនមួយទៀត។ វាជាចំនួនក្រោម ៣០ ម៉ឺននាក់ ជាលើកដំបូងបំផុត ចាប់តាំងពីទិន្នន័យនេះបានចាប់ផ្តើមចងក្រងក្នុងឆ្នាំ១៩៧០។

ការសម្រាលទារកថ្មីមានលើសពី ៤០ ម៉ឺន សម្រាប់រយៈពេល ១៥ឆ្នាំ ដល់ឆ្នាំ២០១៦ មុនពេលចំនួននេះបានធ្លាក់ចុះក្រោម ៤០ ម៉ឺននាក់ ក្នុងឆ្នាំ២០១៧។ ក្នុងនោះផងដែរ ចំនួនអ្នកស្លាប់បានកើនឡើង ៣.៤% ដល់ចំនួន ៣០៥,១០០ នាក់ នៅក្នុងឆ្នាំ២០២០ ដែលជាការកើនឡើងនៃការស្លាប់គួរឱ្យកត់សម្គាល់ដូចគ្នា។ ចំណែកអត្រានៃការមានកូនរបស់ស្ត្រីត្រូវបានព្យាករណ៍ថា ស្ថិតក្នុងកម្រិតទាបគឺមានតែ ០.៨៤ នាក់ ក្នុងឆ្នាំ២០២០ ហើយនេះជាការធ្លាក់ចុះក្រោម ១នាក់ រយៈពេល ៣ឆ្នាំ ជាប់គ្នាមកហើយ។

អត្រាកំណើតទាបគឺជាការឈឺក្បាលមួយសម្រាប់ប្រទេសកូរ៉េខាងត្បូង ព្រោះវានាំឱ្យមានកម្លាំងពលកម្មទាបនៅពេលអនាគត ដើម្បីអាចទាញសក្តានុពលកំណើនសេដ្ឋកិច្ច។ អត្រាកំណើតទាបនេះគឺបណ្តាលមកពីនិន្នាការសង្គមនៃការពន្យារពេលរៀបការ និងគ្មានកូន មកពីកត្តាផ្សេងៗដូចជា៖ ការចំណាយខ្ពស់សម្រាប់ការអប់រំឯកជន ថ្លៃផ្ទះ និងការព្រួយបារម្ភអំពីភាពគ្មានការងារនៅពេលដែលពួកគេមានកូនជាដើម៕

អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ

Share This Post: