អន្តរជាតិ

ប្រទេសកូរ៉េខាងត្បូងចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋរបស់ខ្លួនចាប់ពីព្រឹកថ្ងៃសុក្រនេះ

BY
autoadmin
February 26, 2021

ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ដោយផ្តោតលើបុគ្គលិកសុខាភិបាល និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងកន្លែងថែទាំ។ វ៉ាក់សាំងដែលបង្កើតដោយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford បានចាប់ផ្តើមផ្តល់នៅម៉ោងប្រហែល ៩ព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ហើយកញ្ចប់ដំបូងនៃវ៉ាក់សាំងគឺផលិតដោយក្រុមហ៊ុនកូរ៉េខាងត្បូងផ្ទាល់តែម្ដង។ មនុស្សដំបូងប្រហែល ២៩០ ០០០ នាក់ដែលមានអាយុក្រោម ៦៥ឆ្នាំ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬអ្នករស់នៅមណ្ឌលថែទាំរយៈពេលវែង ក៏ដូចជាបុគ្គលិកថែទាំសុខភាពនឹងត្រូវទទួលថ្នាំបង្ការមុនគេ។

មនុស្សជាង ៥ ២០០ នាក់ ត្រូវបានគេរំពឹងថានឹងទទួលបានការចាក់លើកដំបូងនៅថ្ងៃសុក្រនេះ ហើយប្រធានាធិបតី Moon Jae-in ក៏បានទៅមើលកន្លែងចាក់វ៉ាក់សាំងនៅឯមណ្ឌលសុខភាពសាធារណៈក្នុងរដ្ឋធានីសេអ៊ូល។ គាត់បានសង្ខេបអំពីផែនការចាក់ថ្នាំបង្ការរោគ និងបានសង្កេតមើលរបៀបចាក់វ៉ាក់សាំងនោះ ដើម្បីធានានូវដូសគ្រប់គ្រាន់ជូនប្រជាជនចំនួន ៧៩ លាននាក់ ទាំងពលរដ្ឋកូរ៉េ និងពលរដ្ឋដែលរស់នៅកូរ៉េខាងត្បូង។ ចំណែកវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតដោយក្រុមហ៊ុន Pfizer និង BioNTech នឹងត្រូវចាក់ជូនពលរដ្ឋនៅថ្ងៃសៅរ៍ស្អែកនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: