អន្តរជាតិ

វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន ៥០លានដូស ត្រូវបានចាក់ជូនពលរដ្ឋអាមេរិក ចាប់តាំងពីលោក ចូ បៃដិន កាន់តំណែងជាប្រធានាធិបតី

BY
autoadmin
February 26, 2021

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ចំនួន ៥០ លានដូស ត្រូវបានចាក់ជូនពលរដ្ឋអាមេរិក ចាប់តាំងពីលោកបានក្លាយជាប្រធានាធិបតីពេញលេញ។ លោក បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចាក់វ៉ាក់សាំងចំនួន ៥០ លានដូស ក្នុងរយៈពេល ៣៧ថ្ងៃ គឺលើសពីការគ្រោងទុករបស់រដ្ឋបាលរបស់លោកទៅទៀត ហើយលោកធ្លាប់បានកំណត់គោលដៅ ១០០ លានដូស ដល់ប្រជាជននៅសហរដ្ឋអាមេរិកក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃការកាន់តំណែងជាប្រធានាធិបតី។ លោកបាននិយាយថា ជិត ៥០% នៃប្រជាជនដែលមានអាយុលើសពី ៦៥ឆ្នាំ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ ១ដង គិតមកទល់ពេលនេះ។

លោកបាននិយាយថា ក្រុមរបស់លោកបានខិតខំប្រឹងប្រែងដើម្បីធានាថា វ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ជនជាតិអាមេរិកពេញវ័យទាំងអស់ត្រឹមចុងខែកក្កដា។ លោកបានបន្ថែមថា កិច្ចប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងឱ្យមានកន្លែងចាក់វ៉ាក់សាំង និងអ្នកចាក់វ៉ាក់សាំងបន្ថែមទៀត ដោយសារថាមានពលរដ្ឋខ្លះគាត់ពិបាកក្នុងការស្វែងរកកន្លែងចាក់វ៉ាក់សាំងដែលនៅជិត ប៉ុន្តែខ្លះទៀតក៏មិនចង់ទទួលការចាក់វ៉ាក់សាំងបង្ការដែរ។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងចាប់ផ្តើមយុទ្ធនាការដ៏ធំមួយដើម្បីអប់រំប្រជាជនអំពីវ៉ាក់សាំង ដើម្បីឱ្យពួកគេបានយល់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: