ការវិភាគអង់គ្លេសបង្ហាញថា វ៉ាក់សាំងជំងឺកូវីដ១៩តែ១ដូស អាចកាត់បន្ថយឱកាសនៃការឆ្លងជំងឺធ្ងន់ធ្ងររហូតដល់ ៨០% ក្នុងចំណោមមនុស្សអាយុ ៨០ឆ្នាំ
- BY
- autoadmin
- March 2, 2021
យោងតាមការវិភាគរបស់អង់គ្លេសមួយបានបង្ហាញថា ការចាក់តែមួយដូសនៃវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់សាកលវិទ្យាល័យ Oxford សហការជាមួយក្រុមហ៊ុន AstraZeneca ឬក្រុមហ៊ុន Pfizer-BioNTech អាចកាត់បន្ថយឱកាសនៃការទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជាង ៨០% ។ ការវិភាគនេះធ្វើឡើងដោយសុខភាពសាធារណៈប្រទេសអង់គ្លេស (PHE) រយៈពេល ៣ ទៅ ៤សប្ដាហ៍ បន្ទាប់ពីទទួលបានវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដោយផ្អែកលើមនុស្សអាយុលើសពី ៨០ឆ្នាំ ដែលពួកគេគឺជាក្រុមពលរដ្ឋដំបូង ដែលអាចទទួលបានវ៉ាក់សាំងនៅឯប្រទេសអង់គ្លេស។

អ្នកវិទ្យាសាស្ត្របានស្វាគមន៍ចំពោះការរកឃើញនេះ ប៉ុន្តែយ៉ាងណាការចាក់វ៉ាក់សាំងចំនួន ២ដូស តាមការកំណត់គឺសំខាន់ណាស់ ដើម្បីការពារពលរដ្ឋពីជំងឺ COVID-19 បានពេញលេញ។ វាកើតឡើងបន្ទាប់ពីការរកឃើញស្រដៀងគ្នានេះ ត្រូវបានបោះពុម្ពផ្សាយដោយអាជ្ញាធរសុខាភិបាលស្កុតឡេនផងដែរ។ ទិន្នន័យរបស់ PHE បានណែនាំថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer អាចឱ្យមានការថយចុះនៃការស្លាប់ពីជំងឺ COVID-19 ហើយវាក៏បានបង្ហាញផងដែរថា ការចាក់វ៉ាក់សាំងកាត់បន្ថយហានិភ័យរបស់មនុស្សដែលមានអាយុលើសពី ៧០ឆ្នាំ ក្នុងការវិវត្តរោគសញ្ញាជំងឺ COVID-19 ប្រមាណ ៦០% ពោលគឺ ៣ សប្តាហ៍ បន្ទាប់ពីការចាក់លើកដំបូង៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






