អន្តរជាតិ

អតីតប្រធានាធិបតីលោក Nicolas Sarkozy ត្រូវបានតុលាការបារាំង ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពីបទពុករលួយ

BY
autoadmin
March 2, 2021

តុលាការបារាំងកាលពីថ្ងៃច័ន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ បានរកឃើញថា អតីតប្រធានាធិបតីលោក Nicolas Sarkozy មានពិរុទ្ធភាពក្រោមបទសូកប៉ាន់ចៅក្រម និងប្រើប្រាស់អំណាច ដែលធ្វើឱ្យគាត់ក្លាយជាប្រមុខរដ្ឋនៃប្រទេសបារាំងទី២ នាសម័យបច្ចប្បន្ន ដែលត្រូវបានគេផ្តន្ទាទោសពីបទពុករលួយ ។ នេះក៏ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសបារាំង ដែលអតីតប្រធានាធិបតីត្រូវបានកាត់ទោសពីបទពុករលួយ។

លោក Nicolas Sarkozy ត្រូវបានគេផ្តន្ទាទោសឱ្យជាប់ពន្ធនាគារមួយឆ្នាំ និងការព្យួរទោសរយៈពេលពីរឆ្នាំ។ តុលាការបាននិយាយថា គាត់មានសិទ្ធិស្នើសុំឱ្យឃុំខ្លួននៅផ្ទះ ដោយត្រូវពាក់ខ្សែដៃអេឡិចត្រូនិកម៉្យាងដើម្បីតាមដានសកម្មភាពគាត់។ ចំណែកព្រះរាជអាជ្ញាបានប្រាប់តុលាការថា បុរសអាយុ ៦៦ឆ្នាំ ដែលបានដឹកនាំប្រទេសបារាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ និងនៅតែមានឥទិ្ធពលក្នុងចំណោមអ្នកអភិរក្សរូបនេះ គួរតែត្រូវដាក់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងជាប់ពន្ធនាគារដោយផ្ទាល់យ៉ាងតិច ២ឆ្នាំ។

លោក Nicolas Sarkozy, មេធាវីរបស់គាត់ និងមិត្តភក្តិជាយូរមកហើយគឺលោក Thierry Herzog អាយុ ៦៥ឆ្នាំ និងចៅក្រមចូលនិវត្តន៍លោក Gilbert Azibert អាយុ ៧៤ឆ្នាំ ក៏ត្រូវបានគេរកឃើញថា មានពិរុទ្ធភាព និងបានផ្តន្ទាទោសដូចគ្នានឹងរូបគាត់ផងដែរ។ តុលាការបានរកឃើញថា លោក Nicolas Sarkozy និងក្រុមរបស់គាត់ បានបិទបាំងរឿងពុករលួយនេះ ដោយផ្អែកលើភ័ស្តុតាងជាច្រើន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: