អន្តរជាតិ

ពេទ្យទាហានថៃម្នាក់ត្រូវបានបណ្តេញចេញពីការងារ និងដកអាជ្ញាប័ណ្ឌ បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្លែងក្លាយទៅឱ្យទាហានថៃ

BY
autoadmin
March 3, 2021

ថៃ៖ ពេទ្យទាហាននិងជាអនុសេនីយ៍ទោម្នាក់ ត្រូវបានគេបណ្តេញចេញពីការងារ ខណៈអាជ្ញាប័ណ្ណវេជ្ជសាស្រ្តរបស់គាត់ត្រូវបានដកហូតវិញ បន្ទាប់ពីគាត់បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្លែងក្លាយទៅឱ្យទាហាន អំឡុងពេលបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ វ៉ាក់សាំងដែលគាត់បានចាក់នោះគឺជាទឹកធម្មតា ហើយគាត់ទំនងជាចាក់ថ្នាំឱ្យទាហានថៃចំនួន ២៧៣ នាក់ ដោយគិតថ្លៃ ៦០៧បាត ឬប្រហែល ២០ដុល្លារ ក្នុងមួយម្ចុល។

ការបែកធ្លាយនេះគឺបន្ទាប់ពីទាហានម្នាក់បានកត់សម្គាល់ថា ដបថ្នាំដែរពេទ្យនោះបានប្រើគ្មានស្លាកសញ្ញាអ្វីនោះទេ លុះក្រោយមកថ្នាក់លើបានបើកការស៊ើបអង្កេតផ្ទៃក្នុង ហើយបានរកឃើញថាដបទាំងនោះជាដបដាក់បំពេញដោយទឹកធម្មតា។ យោងតាមបទបញ្ជារបស់អង្គការសហប្រជាជាតិ ឱសថត្រូវបានដកចេញ ហើយបញ្ជូនទៅស្រុកថៃវិញ ហើយអាជ្ញាប័ណ្ណវេជ្ជសាស្រ្តរបស់ពេទ្យនោះក៏ត្រូវបានដកហូតផងដែរ។

សារព័ត៌មានថៃបានរាយការណ៍ពីព័ត៌មាននេះដោយនិយាយថា ពេទ្យទាហានជនជាតិថៃម្នាក់នៅមន្ទីរពេទ្យនៅស៊ូដង់ខាងត្បូងមួយនោះ ត្រូវបានបញ្ឈប់ពីកាតព្វកិច្ចដោយសារជាប់សង្ស័យលើការក្លែងបន្លំ។ ពេទ្យទាហាននោះបានធ្វើការនៅមន្ទីរពេទ្យនោះ ចាប់ពីខែធ្នូឆ្នាំ២០១៩ ដល់ខែធ្នូឆ្នាំ ២០២០ ។ សេចក្តីរាយការណ៍ព័ត៌មាននោះក៏ត្រូវបានបញ្ជាក់ដោយលោកឧត្តមសេនីយ៍ទោ Chalermphol Srisawat មេបញ្ជាការជាន់ខ្ពស់ថៃផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: