អន្តរជាតិ

មិនអាចវាយដំផ្ដេសផ្ដាសបានទេ! វៀតណាមនឹងធ្វើការផាកពិន័យរាល់ជនណាម្នាក់ ដែលដាក់ទណ្ឌកម្មលើសត្វចិញ្ចឹមរបស់ពួកគេ

BY
autoadmin
March 5, 2021

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបាននិយាយថា ប្រទេសវៀតណាមនឹងធ្វើការផាកពិន័យរាល់ជនណាម្នាក់ដែលដាក់ទណ្ឌកម្មលើសត្វចិញ្ចឹម ប៉ុន្តែយ៉ាងណាការពិន័យដំបូងៗអាចនឹងត្រូវបានគេសម្រាល ដោយសារថាពលរដ្ឋត្រូវការពេលវេលាដើម្បីសម្របខ្លួនជាមួយច្បាបថ្មីនេះ។ ប្រភពព័ត៌មាន Vietnam Insider បាននិយាយថា ការពិន័យនឹងរួមបញ្ចូលទាំងមាត្រាទី១៤ នៃច្បាប់ការរំលោភបំពានរបស់ក្រសួងកសិកម្ម។

ប្រធាននាយកដ្ឋានប៉ូលីសឃុំ និងប្រធានគណៈកម្មាធិការប្រជាជនគ្រប់ជាន់ថ្នាក់ មានសិទ្ធិចេញផាកពិន័យដល់អ្នកល្មើស។ បុគ្គលម្នាក់ៗអាចត្រូវផាកពិន័យ ១លានដុង (៤៣ដុល្លារ) ដល់ ៣លានដុង (១៣០ដុល្លារ) ប្រសិនបើពួកគេវាយ ដាក់ទ្រុង ឬព្រងើយកន្តើយចំពោះសត្វចញ្ចឹមរបស់ពួកគេ ខណៈការផាកពិន័យសម្រាប់អង្គភាពណាមួយគឺ ៦លានដុង ឬ ២៦០ដុល្លារ។

ចំណែកទីសត្តឃាតដែលវាយសត្វ ឬមិនមានទ្រុង ដើម្បីធានាអនាម័យមុនពេលសម្លាប់ពួកគេ នឹងត្រូវពិន័យជាប្រាក់ពី ៣លានដុង ដល់ ៥លានដុង។ ក្រឹត្យនេះក៏បានបង្កើនការផាកពិន័យពី ៣០ លានដុង (១,៣០០ ដុល្លារ) ដល់ ៥០ លានដុង សម្រាប់អ្នកដែលចាក់បញ្ចូលទឹក និងសារធាតុផ្សេងៗចូលក្នុងសត្វមុនពេលពួកគេត្រូវបានសម្លាប់។

ការផាកពិន័យអាចនឹងផ្លាស់ប្តូរ អាស្រ័យលើចំនួនសត្វដែលត្រូវបានគេបំពាន។ អ្នកបំពាននឹងត្រូវពិន័យពី ៥លានដុង (២១៦ដុល្លារអាមេរិក) ដល់ ១០លានដុង ប្រសិនបើទម្ងន់សត្វពាហនៈក្រោម ១០០ គីឡូក្រាម និងឡើងពី ៣០លានដុង ដល់ ៥០លានដុង ប្រសិនបើទម្ងន់សរុបលើសពីមួយតោន។ ក្រឹត្យនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី២០ ខែមេសា ហើយនឹងត្រូវអនុវត្តសម្រាប់សត្វចិញ្ចឹម និងសត្វស្រុកដូចជាឆ្កែ មាន់ ទា និងគោ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: