អន្តរជាតិ

ឯកអគ្គរដ្ឋទូតថ្មីរបស់មីយ៉ាន់ម៉ាប្រចាំនៅ UN បានចុះចេញពីតំណែង ក្រោយមានរឿងចម្រូងចម្រាសយោធាដកតំណែងអ្នកចាស់មិនសមហេតុផល

BY
autoadmin
March 5, 2021

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ បាននិយាយថា ឯកអគ្គរដ្ឋទូតថ្មីរបស់មីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិឈ្មោះថា Tin Maung Naing បានលាលែងពីតំណែងវិញ ដោយនិយាយថាអ្នកកាន់តំណែងមុនគឺលោក Kyaw Moe Tun ដែលត្រូវបានបណ្តេញដោយរដ្ឋាភិបាលយោធា នឹងនៅតែបន្តធ្វើជាតំណាងឱ្យប្រទេសរបស់គាត់។ គួរឱ្យដឹងដែរថា ចាប់តាំងពីរដ្ឋប្រហារយោធានៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ រាល់មន្ត្រីសំខាន់ៗជាច្រើនរបស់រដ្ឋាភិបាលលោកស្រី អ៊ុងស៊ាង ស៊ូជី ជាពិសេសអ្នកគាំទ្រប្រជាធិបតេយ្យ គឺសុទ្ធតែត្រូវបានរុះរើដោយពួកយោធា។

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាលោក Kyaw Moe Tun ដែលត្រូវពួកយោធាដកតំណែងចេញ

លោក Kyaw Moe Tun ត្រូវបានពួកយោធាដកតំណែង គឺដោយសារលោកបានទទូចសុំជំនួយពីអង្គការសហប្រជាជាតិ ឱ្យជួយធ្វើអន្តរាគមន៍លើបញ្ហាដែលកំពុងកើតមាននៅមីយ៉ាន់ម៉ា។ ដូច្នេះហើយទើបឧត្តមសេនីយ៍លោក Min Aung Hlaing បានតែងតាំងអនុប្រធានរបស់គាត់គឺលោក Tin Maung Naing ឱ្យមកជំនួសតំណែងនោះវិញ។ លោក Tin Maung Naing បានផ្ញើលិខិតបញ្ជាក់ពីការលាលែងពីតំណែងនេះ បន្ទាប់ពីលោក Kyaw Moe Tun បានសរសេរសំបុត្រទៅ UN បញ្ជាក់ថា ការដកតំណែងរបស់យោធាមកលើរូបគាត់គឺមិនត្រឹមត្រូវតាមច្បាប់ទេ ដូច្នេះគ្មានហេតុផលណាគាត់ត្រូវអត់តួនាទីឡើយ។ ចំណែកក្រសួងការបរទេសមីយ៉ាន់ម៉ានៅតែប្រកាន់ជំហររបស់ខ្លួន ដោយកាលពីថ្ងៃអង្គារពួកគេនិយាយថា លោក Kyaw Moe Tu ត្រូវបានដកចេញពីតំណែងហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: