អន្តរជាតិ

យន្តហោះម៉ូដែល Boeing 737 MAX​ មួយគ្រឿង ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ដោយសារម៉ាស៊ីនសាំងមានបញ្ហា

BY
autoadmin
March 6, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ RT បានរាយការណ៍ថា​ យន្ដហោះម៉ូដែល Boeing 737 MAX​ របស់ក្រុមហ៊ុន American Airlines មួយគ្រឿង​ ដែលបានធ្វើដំណើរចេញពីក្រុង Miami ឆ្ពោះទៅ​​រដ្ឋ New Jersey ត្រូវបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់​ បន្ទាប់ពីផ្នែកមួយនៃម៉ាស៊ីនសាំងរបស់យន្តហោះមានបញ្ហា ដែលធ្វើឱ្យពីឡុតត្រូវផ្ដាច់ប្រព័ន្ធម៉ាស៊ីនមួយនោះភ្លាម។​ ប្រភពព័ត៌មានបាននិយាយថា ប្រធានក្រុមអាកាសយានិកបានប្រកាសអាសន្នឡើង នៅពេលដែលយន្តហោះទៅដល់ជិតអាកាសយានដ្ឋានអន្តរជាតិ Newark របស់រដ្ឋ New Jersey កាលពីថ្ងៃសុក្រ​ ដោយបានចុះចតយ៉ាងជោគជ័យ ជាមួយនឹងការប្រើតែម៉ាស៊ីនតែមួយប៉ុណ្ណោះ។

យ៉ាងណាក៏ដោយក្រុមហ៊ុនបាននិយាយថា បញ្ហានេះមិនទាក់ទងជាមួយប្រព័ន្ធ MCAS របស់យន្តហោះ ដែលបញ្ហានោះវាធ្លាប់ជាមូលហេតុនៅពីក្រោយហេតុការណ៍ធ្លាក់យន្ដហោះចំនួន ២លើក នៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩​ ដែលតាំងពីពេលនោះមកយន្តហោះ Boeing 737 គ្រប់ម៉ូដែលទាំងអស់ត្រូវចតទុកចោលរយៈពេល ២០ខែ​ ដើម្បីធ្វើការស៊ើបអង្កេតបន្ដ។ ជាក់ស្ដែងចំពោះយន្តហោះដែលបានចុះចតជាបន្ទាន់នេះវិញ  គឺវាមានបញ្ហាប្រព័ន្ធប្រេងសាំងប៉ុណ្ណោះ (engine oil pressure indicator)​ ដូច្នេះវាជាបញ្ហាដែលអាចគ្រប់គ្រងបាន៕

អត្ថបទ៖ លីដា
ប្រភព៖ RT

Share This Post: