អន្តរជាតិ

YouTube បានលុបគណនីយោធាមីយ៉ាន់ម៉ាចំនួន ៥ ចេញពី​វេទិការបស់ខ្លួន ពីបទរំលោភលើគោលការណ៍ណែនាំ

BY
autoadmin
March 6, 2021

YouTube បានលុបចោលនូវគណនីចំនួន ៥ ដែលគ្រប់គ្រងដោយយោធានៃប្រទេសមីយ៉ាន់ម៉ា​ ពីបទរំលោភលើគោលការណ៍ណែនាំរបស់វេទិកា​ នៅចំពេលដែលការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារពីសំណាក់ហ្វូងបាតុករនៅតែបន្ដ ហើយអំពើហិង្សារបស់កងកម្លាំងសន្តិសុខមកលើអ្នកតវ៉ាក៏កាន់តែមានការកើនឡើង។ YouTube បាននិយាយថា ខ្លួនកំពុងពិនិត្យមើលខ្លឹមសារបន្ថែមទៀតដែលអាចរំលោភលើច្បាប់របស់ខ្លួន ​ហើយមុននេះ​ YouTube ក៏បានផ្អាកដំណើរការគណនីជាច្រើន ដើម្បីពិនិត្យមើលលើមាតិកាណាមួយដែលរំលោភបំពានលើច្បាប់របស់ខ្លួនផងដែរ។

ការសម្រេចចិត្តរបស់ YouTube បានធ្វើឡើងបន្ទាប់ពី Facebook កាលពីពេលថ្មីៗនេះក៏បានប្រកាសថា ខ្លួនបានលុបទំព័រ (Page) ដែលទាក់ទងនឹងយោធាមីយ៉ាន់ម៉ា ក៏ដូចជាលុបគណនីចេញពីបណ្ដាញ Instagram ។ ការកើនឡើងនូវអំពើហិង្សាដោយកម្លាំងសន្តិសុខ បានដាក់សម្ពាធដល់សហគមន៍ពិភពលោកឱ្យចាត់វិធានការលើយោធាមីយ៉ាន់ម៉ា ដែលព្យាយាមដណ្ដើមអំណាចដោយការធ្វើរដ្ឋប្រហារទម្លាក់ និងចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី សមាជិកសំខាន់ៗរបស់បក្សកាន់អំណាច កាលពីថ្ងៃទី០១​ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។

ការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងការគ្រប់គ្រងរបស់យោធាបានកើតឡើងជារៀងរាល់ថ្ងៃ នៅក្នុងទីក្រុង និងទីប្រជុំជនជាច្រើន។ កម្លាំងសន្តិសុខបានបង្កើនការបង្ក្រាបរបស់ពួកគេនៅសប្តាហ៍នេះ ដោយប្រើកម្លាំងដ៍សាហាវ និងការចាប់ខ្លួនដ៏ច្រើន។ យ៉ាងហោចណាស់មានបាតុករចំនួន ១៨នាក់ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ និង ៣៨នាក់ កាលពីថ្ងៃពុធ នេះបើយោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ហើយយ៉ាងហោចណាស់មានមនុស្សជាង ១,០០០នាក់ ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: