អន្តរជាតិ

ឥណ្ឌូនេស៊ីបានអនុម័តជាផ្លូវការឱ្យមានការប្រើប្រាស់វ៉ាក់សាំង AstraZeneca សម្រាប់ស្ថានភាពបន្ទាន់

BY
autoadmin
March 9, 2021

ទីភ្នាក់ងារស្បៀងអាហារនិងថ្នាំ (BPOM) របស់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១ បាននិយាយថា ប្រទេសខ្លួនបានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca សម្រាប់ការប្រើប្រាស់ជាបន្ទាន់។ លោក Penny K Lukito ប្រធាន BPOM បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា វ៉ាក់សាំងនេះនឹងត្រូវផ្តល់ដល់ប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ខណៈវ៉ាក់សាំង AstraZeneca ប្រមាណ ១.១ លានដូស បានមកដល់កាលពីល្ងាចថ្ងៃច័ន្ទតាមរយៈគម្រោងសម្ព័ន្ធភាពថ្នាំវ៉ាក់សាំងសកល COVAX ។

រដ្ឋមន្រ្តីក្រសួងការបរទេសលោកស្រី Retno Marsudi បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសឥណ្ឌូនេស៊ីនឹងទទួលបានវ៉ាក់សាំងប្រហែល ១១.៧ លានដូស របស់ក្រុមហ៊ុន AstraZeneca តាមរយៈ COVAX ដែលនឹងចាប់ផ្តើមដំណើរការរហូតដល់ខែឧសភា។ លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយពីអាកាសយានដ្ឋានហ្សាកាតាថា៖«ក្រៅពីកិច្ចខិតខំប្រឹងប្រែងដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក ការគាំទ្ររបស់ឥណ្ឌូនេស៊ីចំពោះគោលការណ៍នៃការទទួលបានវ៉ាក់សាំងស្មើគ្នាគឺត្រូវតែបន្ត» ដើម្បីឱ្យពលរដ្ឋទូទាំងពិភពលោក អាចទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ដូចប្រទេសអ្នកមានដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: