អន្តរជាតិ

ចង់ចំណេញដាច់ចំណង! កសិករថៃបេះទុរេនពីដើមទាំងខ្ចីសស្គុះ ប្រុងលក់ចេញទៅប្រទេសចិន ត្រូវអាជ្ញាធររកឃើញ និងផាកពិន័យ ដោយសារលក់ទុរេនមិនត្រូវតាមស្ដង់ដារ

BY
autoadmin
March 9, 2021

ថៃ៖ ជាធម្មតាខែឧសភាជារៀងរាល់ឆ្នាំគឺជារយៈពេលមួយ ដែលប្រជាកសិករថៃចាប់ផ្ដើមប្រមូលផលផ្លែទុរេន ដើម្បីលក់នៅលើទីផ្សារទាំងក្នុងស្រុក​និងក្រៅប្រទេស។ ពេលវេលានេះគឺជាឱកាសដ៏ល្អបំផុត ដែលប្រទេសថៃបើកទីផ្សារនាំចេញទុរេនទៅកាន់ប្រទេសចិន ជាមួយនឹងវិធីសាស្ត្រជួញដូរតាមអ៊ីនធឺណេត ហើយជាលទ្ធផលតម្លៃនិងតម្រូវការផ្លែទុរេនមានការកើនឡើងយ៉ាងគំហុក។ ប៉ុន្តែទន្ទឹមនឹងតម្រូវការកើនឡើង និងលក់បានតម្លៃថ្លៃ វាតែងតែមានជនឆ្លៀតឱកាសចង់បានផលចំណេញច្រើនទៅតាមនោះដែរ។

ជាក់ស្ដែងបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Kaijeaw នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១ នេះបានឱ្យដឹងថា អាជ្ញាធរជំនាញថៃបានចុះត្រួតពិនិត្យឃ្លាំងទុរេនមួយកន្លែង ដែលពួកគេបានប្រមូលផលផ្លែទុរេនមុនកាលកំណត់ ដើម្បីបញ្ជូនទៅលក់បន្ដនៅប្រទេសចិន។ ប្រភពបាននិយាយថា ផ្លែទុរេនទាំងនោះគឺអាចកាត់បាននៅអំឡុងថ្ងៃទី១៥ ខែមីនា ឬយូរជាងនេះ ប៉ុន្តែផ្លែទុរេនដែលអាជ្ញាធរចុះត្រួតពិនិត្យទាំងនោះ គឺកាត់ស្ដុកទុកតាំងពីថ្ងៃទី០៧ ខែមីនា មកម៉្លេះ។ យ៉ាងណាក៏ដោយវានៅមិនច្បាស់ទេថា តើទុរេនទាំងនោះត្រូវបានគេដាក់ថ្នាំបន្ថែម ដើម្បីឱ្យសាច់របស់វាឆាប់ទុំ ឬអត់នោះទេ?

អាជ្ញាធរបានសុំឱ្យមានការបញ្ឈប់សកម្មភាពបែបនេះ ហើយសុំឱ្យមានការចូលរួមសហការពីអ្នកលក់ ដោយបាននិយាយបន្ថែមថា អ្នកលក់ណាម្នាក់ដែលបោកបញ្ឆោតអ្នកទិញតាមរបៀបណាមួយដូចជា៖ កុហកពីប្រភពដើម លក្ខខណ្ឌ គុណភាព ឬបរិមាណ នៃទំនិញមិនត្រឹមត្រូវតាមស្ដង់ដារទាំងនោះ និងត្រូវទទួលការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ ឬពិន័យជាប្រាក់ ៦,០០០ បាត ឬទាំងពីរ និងបូករួមទាំងច្បាប់ការពារអ្នកប្រើប្រាស់លេខ ២៥២២ មាត្រា ៤៧ របស់ប្រទេសថៃបន្ថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Kaijeaw

Share This Post: