ថតរូបបង្ហោះពេញហ្វេសប៊ុកធ្វើពុតជាស្លាប់ ដើម្បីប្រមូលលុយចូលបុណ្យពីសាច់ញាតិបងប្អូន
ថៃ៖ បុរសម្នាក់បានធ្វើពុតជាស្លាប់ និងបានឲ្យប្រពន្ធថតរូបបង្ហោះពេញបណ្តាញសង្គម Facebook ក្នុងគោលបំណងប្រមូលប្រាក់ចូលបុណ្យពីសមាជិកគ្រួសាររបស់គាត់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយ៉ាលមួយនៅក្នុងប្រទេសថៃ។ បុរសដែលបានធ្វើពុតជាស្លាប់មានឈ្មោះថា Tachawit Janngiw មានមុខរបរមិនពិតប្រាកដ និងកំពុងរស់នៅក្នុងស្ថានភាពខ្វះខាត។ បុរសរូបនេះបានធ្វើពុតជាស្លាប់ ហើយប្រពន្ធរបស់គាត់បានថតរូបរបស់គាត់បង្ហោះក្នុងបណ្តាញសង្គម និងបានសរសេរថា ស្រលាញ់គាត់ណាស់ និងសោកស្តាយជាខ្លាំង ដែលបានគាត់បានស្លាប់ដូចនេះ។
ភ្លាមៗក្រោយបែកធ្លាយដំណឹងនេះ ក្រុមគ្រួសារបានផ្ញើរលុយចំនួន ៦០០ ដុល្លារទៅឲ្យប្រពន្ធលោក Tachawit Janngiw ដើម្បីទិញមឈូស។ ក្រោយមកទៀតគេគ្រោងនឹងផ្ញើរលុយប្រមាណជា ១,៨០០ ដុល្លារផ្សេងទៀត ដើម្បីរៀបចំបុណ្យសព។ យ៉ាងណាក្តី មានអ្នកខ្លះកើតមានការសង្ស័យ ចំពោះការស្លាប់របស់លោក Tachawit Janngiw ជាខ្លាំង ព្រោះគាត់មិនដែលឈឺអ្វីទាល់តែសោះ ហើយស្រាប់តែនៅសុខៗប្រពន្ធរបស់គាត់បានបង្ហោះរូបថា គាត់ស្លាប់ដោយជំងឺហឺតទៅវិញ។ ដូចនេះគេបានយកលេខទូរស័ព្ទថ្មីមួយតេទៅកាន់បុរស ដែលធ្វើពុតជាស្លាប់នោះ ហើយស្រាប់តែគាត់បានលើក និងនិយាយជាធម្មតា។
ក្រោយបានដឹងការពិតក្រុមគ្រួសារសម្រេចមិនផ្ញើរលុយចំនួន ១,៨០០ ដុល្លារឲ្យទៅប្រពន្ធលោក Tachawit Janngiw សម្រាប់ធ្វើបុណ្យនោះទេ។ ពេលនេះប្តីប្រពន្ធដែលរួមគំនិតគ្នា បង្កើតរឿងកុហកខាងលើនេះ កំពុងត្រូវបានប៉ូលិសតាមចាប់ខ្លួនមកធ្វើការអប់រំ។ បើយោងតាមច្បាប់ប្រទេសថៃ ប្តីប្រពន្ធទាំងពីរនេះអាចប្រឈមនឹងការពិន័យជាប្រាក់រហូតដល់ ៤ ៨០០ ដុល្លារ និងជាប់គុករយៈពេលដល់ ១០ ឆ្នាំ ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ coconuts