អន្តរជាតិ

ជំងឺកូវីដ១៩បំលែងខ្លួនប្រភេទថ្មី មានរហូតដល់ទៅ ៤.៥ ភាគរយ នៅក្នុងចំណោមករណីថ្មីៗទាំងអស់របស់ប្រទេសជប៉ុន

BY
autoadmin
March 10, 2021

ក្រសួងសុខាភិបាលជប៉ុនបាននិយាយថា ជំងឺ COVID-19 បំលែងខ្លួនប្រភេទថ្មីមានរហូតដល់ទៅ ៤.៥ ភាគរយ នៅក្នុងចំណោមករណីថ្មីៗទាំងអស់របស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK ។ ការរកឃើញនេះគឺដោយសារក្រសួងបានស្នើឱ្យអាជ្ញាធរមូលដ្ឋានយកសំណាកពី ៥ ទៅ ១០ ភាគរយ នៃអ្នកដែលទើបឆ្លងថ្មី ហើយធ្វើការតេស្ដលើសំណាកទាំងនោះ ដើម្បីរកមើលថា តើពួកគេបានឆ្លងជំងឺ COVID-19 បំលែងថ្មី ឬទេ។

របាយការណ៍និយាយថា តួលេខបឋមពីរដ្ឋាភិបាលក្នុងតំបន់បង្ហាញថា ការធ្វើតេស្ត PCR សម្រាប់ COVID-19 ប្រភេទថ្មី ត្រូវបានធ្វើឡើងលើអ្នកឆ្លងចំនួន ១,២៣៤នាក់ គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។ នេះគឺប្រហែល ១៧ ភាគរយ នៃករណីថ្មីទូទាំងប្រទេសសម្រាប់រយៈពេលនោះ។ ក្នុងចំនោមពួកគេមាន ៥៦នាក់ ត្រូវបានគេរកឃើញថាឆ្លងជំងឺ COVID-19 បំលែងថ្មី។

ចំណែកតាមតំបន់វិញ អ្នកជំងឺ ១៦នាក់ ក្នុងចំណោម ៥៥នាក់ នៅខេត្ត Hyogo, អ្នកជំងឺ ១០នាក់ ក្នុងចំណោម ២៥នាក់ នៅខេត្ត Kanagawa និង ៤នាក់ ក្នុងចំណោម ៥២នាក់ នៅក្រុង Osaka សុទ្ធតែបានឆ្លងជំងឺ COVID-19 ប្រភេទថ្មីនេះ។ យ៉ាងណាមិញសម្រាប់នៅទីក្រុង Tokyo គឺគ្មានអ្នកឆ្លងជំងឺ COVID-19 ប្រភេទថ្មីនោះទេ នៅក្នុងចំណោមសំណាកអ្នកជំងឺដែលត្រូវបានពិនិត្យ។

ក្រសួងនិយាយថា ទិន្នន័យនេះមិនអាចត្រូវបានគេប្រើដើម្បីប៉ាន់ប្រមាណភាគរយសរុបនៃអ្នកជំងឺ COVID-19 បំលែងថ្មីនោះទេ ដោយសារតែករណីគឺទើបតែកើតមាន និងតេស្ដបានឡើងក្នុងចំនួនតិចតួច។ មន្ត្រីក្រសួងនិយាយថា ពួកគេនឹងបង្កើនការឃ្លាំមើល ដូច្នេះពួកគេអាចរកឃើញអ្នកឆ្លងទាំងនោះនៅដំណាក់កាលដំបូង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: