អន្តរជាតិ

ជប៉ុនសម្រេចនឹងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកដដែល គ្រាន់តែមិនបើកទ្វារឱ្យអ្នកទស្សនាបរទេសចូលមើល

BY
autoadmin
March 10, 2021

បន្ទាប់ពីមានការស្ទាក់ស្ទើរអស់រយៈពេលជាយូរ ជុំវិញបញ្ហាកើនឡើងនូវករណីនៃជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួន ទីបំផុតរដ្ឋាភិបាលជប៉ុនបានសម្រេចរៀបចំមហាព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅរដូវក្តៅនេះដដែល ប៉ុន្តែបានដាក់ការហាមឃាត់មិនឱ្យមានអ្នកចូលរួមទស្សនា ដែលអញ្ចើញមកពីបរទេសនោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។

រដ្ឋាភិបាលជប៉ុនបានបញ្ជាក់កាលពីថ្ងៃអង្គារថា ប្រទេសជប៉ុនមិនអាចទទួលអ្នកទស្សនាមកពីបរទេសបាននោះទេ ដោយសារបញ្ហាការរីករាលដាលនៃជំងឺ COVID-19 ក៏ដូចជាការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការឆ្លងបន្ថែមទៀតនៅក្នុងចំណោមអ្នកទស្សនា។

រដ្ឋាភិបាល និងគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងបើកកិច្ចប្រជុំពីចម្ងាយមួយ ជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងស្ថាប័ន ២ ផ្សេងទៀត ដែលអាចនឹងធ្វើនៅសប្តាហ៍ក្រោយ ដើម្បីធ្វើការសម្រេចចិត្តជាផ្លូវការលើបញ្ហាភ្ញៀវទេសចរបរទេស។

បន្ទាប់មកពួកគេនឹងធ្វើការប្រកាសនៅក្នុងខែមេសា អំពីចំនួនអ្នកទស្សនាដែលត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងទីលាន ដោយផ្អែកលើការរឹតត្បិតរបស់ជប៉ុនលើការចូលរួមក្នុងព្រឹត្តិការណ៍ធំៗ។ ជម្រាបជូនថា ការប្រកួតកីឡាអូឡាំពិកគ្រោងធ្វើនៅចន្លោះថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា អមដោយកីឡាប៉ារ៉ាឡាំពិកចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា៕

អត្ថបទ៖ លីដា
ប្រភព៖ Japan Times

Share This Post: