សភាអាមេរិកបានយល់ព្រមលើសំណើកញ្ចប់ថវិកាចំនួន ១.៩១ ទ្រីលានដុល្លារអាមេរិក សម្រាប់ជួយពលរដ្ឋដែលជួបវិបត្តិដោយសារជំងឺកូវីដ១៩
- BY
- autoadmin
- March 11, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា សំណើកញ្ចប់ជំនួយទឹកប្រាក់ចំនួន ១.៩១ ទ្រីលានដុល្លារ របស់ប្រធានាធិបតីលោក Joe Biden ដើម្បីជួយជនជាតិអាមេរិកដែលជួបវិបត្តិជំងឺ COVID-19 ពេលនេះបានឈ្នះឧបសគ្គចុងក្រោយរបស់ខ្លួនហើយ ដោយបានទទួលការយល់ព្រមពីសភាអាមេរិកជាផ្លូវការ។ សភាតំណាងរាស្រ្តបានអនុម័តលើផែនការជំនួយសេដ្ឋកិច្ចដ៏ធំសម្បើមនេះកាលពីថ្ងៃពុធ ដោយបានធ្វើការបោះឆ្នោតគាំទ្រសំណើនេះ ប៉ុន្តែយ៉ាងណាគ្មានសមាជិកគណបក្សសាធារណរដ្ឋណាមួយបោះឆ្នោតឱ្យទេ។

ដូច្នេះសំណើជំនួយសង្គ្រោះនេះនឹងទៅដល់ដៃលោក Joe Biden ដើម្បីចុះហត្ថលេខាចេញជាច្បាប់នៅថ្ងៃសុក្រសប្ដាហ៍នេះ។ គួរឱ្យដឹងដែរថា វាជាសំណើផ្តល់ជំនួយសម្រាប់វិបត្តិជំងឺ COVID-19 លើកទី៦ ហើយក៏ជាការឈ្នះតាមច្បាប់ដ៏សំខាន់សម្រាប់លោក Biden ផងដែរ។
កញ្ចប់ជំនួយនេះរួមបញ្ចូលទាំងទឹកប្រាក់សុទ្ធចំនួន ១,៤០០ ដុល្លារ ដើម្បីបញ្ជូនទៅឱ្យប្រជាជនអាមេរិកដែលត្រូវការ។ វាជួយពង្រីកការចំណាយលើប្រាក់អត្ថប្រយោជន៍សម្រាប់អ្នកគ្មានការងារធ្វើប្រចាំសប្តាហ៍ចំនួន ៣០០ដុល្លារ រហូតដល់ខែកញ្ញា។ កញ្ចប់នេះក៏នឹងផ្តល់ប្រាក់ចំនួន ៣៥០ ពាន់លានដុល្លារ ដល់រដ្ឋាភិបាល និងរដ្ឋក្នុងតំបន់មួយចំនួន, ១៣០ ពាន់លានដុល្លារ សម្រាប់ការបើកសាលារៀនឡើងវិញ, ៤៩ ពាន់លានដុល្លារ សម្រាប់ការពង្រីក និងការស្រាវជ្រាវស្រាវជ្រាវជំងឺ COVID-19 ក៏ដូចជា ១៤ ពាន់លានដុល្លារ សម្រាប់ចែកចាយវ៉ាក់សាំង៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






