ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលករខ្មែរប្រមាណជាង៦០០នាក់ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យបញ្ជូនមកកាន់ខេត្តកំពង់ធំ ដើម្បីធ្វើចត្តាឡីស័កបន្ត

    BY Khmernote Media March 11, 2021
    ពលករខ្មែរប្រមាណជាង៦០០នាក់ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យបញ្ជូនមកកាន់ខេត្តកំពង់ធំ ដើម្បីធ្វើចត្តាឡីស័កបន្ត

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាល ខេត្តកំពង់ធំ បានឲ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ ទទួលពលករមកពីប្រទេសថៃប្រមាណជាង ៦០០នាក់ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជូនមកកាន់ខេត្តកំពង់ធំ ដើម្បីធ្វើចត្តាឡីស័កបន្តទៀត នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងការរីករាលដាលមេរោគកូវិដ១៩ ។

    ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ពលករប្រុសស្រី ប្រមាណជាង ៦០០នាក់ ដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យបញ្ជូនមកនៅពេលនេះ គឺដើម្បីយកមកធ្វើចត្តាឡីស័កបន្តទៀត អោយបានគ្រប់ចំនួន១៤ថ្ងៃ ទើបអនុញ្ញាតិអោយពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន ។

    ឯកឧត្តម សុខ លូ បន្តថា ពលករទាំងអស់នេះ គឺយើងបានបែងចែកអោយទៅតាមក្រុងស្រុកនីមួយៗ មិនទុកអោយនៅក្នុងមណ្ឌលចត្តាឡីស័ក វិទ្យាល័យកំពង់ធំទាំងអស់ទេ គឺអោយពួកគាត់ទៅធ្វើចត្តាឡីស័កតាមស្រុករបស់ពួកគាត់ គឺមានន័យថា តាមមណ្ឌលចត្តាឡីស័ករបស់ស្រុកនីមួយៗ ។

    ទន្ទឹមនោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ធំបានអំពាវនាវដល់ពលករគ្រប់ សូមកុំគេចវេះពីការធ្វើចត្តាឡីស័កអោយសោះ ។ បើមិនស្រឡាញ់ខ្លួនឯងទេ សូមកុំបំផ្លាញក្ដីសុខអ្នកដទៃអោយសោះ។ ឯកឧត្តមបានបញ្ជាក់ទៀតថា បងប្អូនពលករបានមកធ្វើចត្តាឡីស័កនាពេលនេះ មានក្រុមគ្រូពេទ្យជំនាញ អាជ្ញាធរ មន្ទីរគ្រប់ស្ថាប័ន សមត្ថកិច្ចទាំង៣ គឺ កម្លាំងនគរបាលខេត្ត កម្លាំងអាវុធហត្ថខេត្ត កម្លាំងយោធា បានរង់ចាំទទួល ការពារសុខ សន្តិសុខជូនបងប្អូនពលករគ្រប់រូប នឹងចែកបាយ ចែកទឹកដល់ពួកគាត់ផងដែរ ៕

    ប្រភព៖ រដ្ឋបាល ខេត្តកំពង់ធំ

    Share This Post: