បន្ទាន់! មន្ទីរសុខាភិបាលខេត្តបាត់ដំបង ប្រកាសស្វែងរកបុគ្គល២នាក់ បានជិះឡានឈ្នួលពីភ្នំពេញមកបាត់ដំបង នៅថ្ងៃទី០៩ ខែមីនា ដោយអង្គុយជាប់គ្នាជាមួយអ្នកសង្ស័យវិជ្ជមានកូវីដ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាស ស្វែងរកអ្នកប៉ះពាល់នឹងអ្នកវិជ្ជមានកូវីដ នៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបុគ្គលចំនួន ២រូប បានប៉ះពាល់ជាមួយករណីសង្ស័យវិជ្ជមានកូវីដ-១៩ ដោយអង្គុយជាប់គ្នាបីនាក់ ក្នុងអំឡុងពេលធ្វើដំណើរពីភ្នំពេញមកបាត់ដំបង តាមរថយន្តឈ្នួលម៉ាក ស៊ីណា ពាក់ស្លាកលេខ៖ ភ្នំពេញ 2Az:1235 កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បានចេញដំណើរប្រហែលម៉ោង ១២ថ្ងៃត្រង់ មកដល់បាត់ដំបងម៉ោងប្រហែល៧៖១០យប់ មានអ្នករួមដំណើរ៦នាក់។ តាមផ្លូវធ្វើដំណើរមានឈប់ហូបអាហារនៅហាងបាយមួយកន្លែង (មានជនបរទេសចូលហូប) នៅខាងស្ដាំដៃ ជាប់ស្ថានីយ៍លក់សាំង ចម្ងាយប្រមាណ៥០០ម៉ែត្រ ជិតផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ។

អ្នករួមដំណើរមាន៦នាក់ យើងសូមប្រកាសស្វែងរកបុគ្គលអង្គុយជាប់ស្រ្តីជាករណីសង្ស័យកូវីដ-១៩ ភេទស្រី ដែលបានចុះនៅរង្វង់មូលលោកតាដំបងក្រញូង(ជនជាតិវៀតណាម) និងម្នាក់ទៀត ភេទស្រីដូចគ្នា បានចុះនៅម្តុំវត្តពោធិវង្ស ដើម្បីយកសំណាក និងស្វែងរកអ្នកប៉ះពាល់បន្ថែមទៀត។
សូមបញ្ជាក់ថា៖ អ្នកប៉ះពាល់ក្រៅពីនេះ យើងបានស្វែងរកឃើញអស់ហើយ ព្រមទាំងបានយកសំណាក និងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កយ៉ាងត្រឹមត្រូវ ដោយអ្នកទាំងនោះគឺអវិជ្ជាមាន។ អាស្រ័យហេតុនេះដូចបានជ្រាបដំណឹង សូមសាមីខ្លួន ឬបងប្អូន ញាតិជិតខាង ជួយបង្ហាញខ្លួន និងសូមអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ចពាក់ព័ន្ធជួយអន្តរាគមន៍ដោយស្មារតីបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ៕

ប្រភព៖ បាត់ដំបង – Battambang