របាយការណ៍ស៊ើបអង្កេតឯករាជ្យនិយាយថា ពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ៧០នាក់ ត្រូវបានគេសម្លាប់ និងច្រើនជាង ២,០០០ ត្រូវបានគេចាប់ខ្លួនតាមអំពើចិត្ត
- BY
- autoadmin
- March 12, 2021
អ្នកស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិបាននិយាយថា កម្លាំងសន្តិសុខនៅប្រទេសមីយ៉ាន់ម៉ាបានសម្លាប់ពលរដ្ឋយ៉ាងតិច ៧០នាក់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈសារជាវីដេអូនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា យ៉ាងហោចណាស់មានជនស៊ីវិល ៧០នាក់ ត្រូវបានសម្លាប់ និងច្រើនជាង ២,០០០ នាក់ ផ្សេងទៀតត្រូវបានគេចាប់ឃុំខ្លួនតាមអំពើចិត្ត។

លោកបាននិយាយថា មានភ័ស្តុតាងជាច្រើនដែលបង្ហាញថាកងសន្តិសុខបានវាយដំក្រុមអ្នកតវ៉ា និងអ្នកឈរមើល ហើយបាញ់ដោយមិនរើសមុខទៅលើផ្ទះរបស់ប្រជាជន ដែលជាសកម្មភាពបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិមួយ។ លោក Thomas Andrews បាននិយាយថា បើគ្រាន់តែសម្ដែងការព្រួយបារម្ភចំពោះមីយ៉ាន់ម៉ាគឺមិនគ្រប់គ្រាន់នោះទេ ហើយលោកក៏បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ាបន្ថែមទៀត។
យ៉ាងណាមិញចម្លើយរបស់យោធាមីយ៉ាន់ម៉ាហាក់ផ្ទុយស្រឡះពីការលើកឡើងខាងលើ ដោយអ្នកនាំពាក្យក្រសួងការបរទេសលោក Chan Aye បាននិយាយថា ពួកគេធ្វើការប្រកបដោយភាពអត់ធ្មត់បំផុតដើម្បីទប់ស្កាត់បាតុករ «តវ៉ាដោយហិង្សា» ទាំងដែលការពិតទៅគឺជារៀងរាល់សប្ដាហ៍ វាតែងតែមានរបាយការណ៍ថ្មីៗអំពីមនុស្សស្លាប់ដោយសារកងកម្លាំងសន្ដិសុខជាបន្ដបន្ទាប់៕



អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






