អន្តរជាតិ

ទីក្រុងដ៏ធំមួយរបស់ប្រទេសឥណ្ឌាបានត្រឡប់មករកការបិទទ្វារវិញ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងចំនួនច្រើនសារជាថ្មី

BY
autoadmin
March 12, 2021

ទីក្រុង Nagpur នៃរដ្ឋ Maharashtra របស់ប្រទេសឥណ្ឌា បានក្លាយជាទីក្រុងដ៏ធំដំបូងបង្អស់នៅក្នុងប្រទេសនេះ ដែលបានវិលត្រឡប់មករកការបិទទ្វារទាំងស្រុង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ ការបិទទ្វាររយៈពេល ១សប្តាហ៍ នឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែមីនា ប៉ុន្មានថ្ងៃខាងមុខនេះ ហើយវានឹងពង្រីកទៅដល់តំបន់ដែលនៅជិតៗនោះផងដែរ។ ជម្រាបដែរថា តំបន់នេះតែងតែមានករណីជំងឺ COVID-19 ថ្មីក្នុងចំនួនច្រើនជាបន្ដបន្ទាប់ ហើយមានតែការបិទទ្វាររឹតត្បឹតប៉ុណ្ណោះ ទើបសង្ឃឹមថាអាចគ្រប់គ្រងស្ថានភាពនេះបាន។

ចំនួនអ្នកជំងឺ COVID-19 បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងប៉ុន្មានខែថ្មីៗនេះនៅទូទាំងប្រទេស ប៉ុន្តែរដ្ឋចំនួន ៦ រួមទាំង Maharashtra បានរាយការណ៍ពីការកើនឡើងថ្មីៗ។ ជាក់ស្ដែងស្រុក Amaravati ដែលស្ថិតនៅរដ្ឋ Maharashtra ដូចគ្នា ក៏ធ្លាប់បានបិទទ្វារទាំងស្រុងកាលពីខែកុម្ភៈផងដែរ។ អ្នកវិទ្យាសាស្រ្តភ័យខ្លាចថា ជំងឺ COVID-19 បំលែងខ្លួនថ្មី អាចជាហេតុផលសម្រាប់ការកើនឡើងនៅក្នុងរដ្ឋ ដោយសារថា ជំងឺប្រភេទថ្មីនេះមានការចម្លងលឿនជាងប្រភេទពីមុន។

មួយទៀតគឺភាពធូររលុងក្នុងការអនុវត្តតាមពិធីសារសុវត្ថិភាពជំងឺ COVID-19 មិនពាក់ម៉ាស់និងរក្សាគម្លាត និងការធ្វើតេស្តតាមដានមិនបានល្អ បានធ្វើឱ្យមានការកើនឡើងករណីថ្មី។ គួរឱ្យដឹងដែរថា ប្រទេសឥណ្ឌាបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 តាំងតែពីខែមករា ហើយរហូតមកទល់ពេលនេះមានមនុស្សជាង ២០ លាននាក់ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស។ ឥណ្ឌាមានអ្នកជំងឺ COVID-19 សរុបចំនួន ១១លាននាក់ និងមានអ្នកស្លាប់សរុប ១៥៧,០០០នាក់ ចាប់តាំងពីជំងឺ COVID-19 បានបង្ហាញវត្តមានក្នុងប្រទេសនេះជាលើកដំបូង៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: