អង្គការសុខភាពពិភពលោកបានអនុម័តជាផ្លូវការ លើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Johnson & Johnson ដែលជាវ៉ាក់សាំងចាក់តែមួយលើកដំបូងបង្អស់
- BY
- autoadmin
- March 13, 2021
អង្គការសុខភាពពិភពលោកបានអនុម័តជាផ្លូវការ ឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson សម្រាប់ស្ថានភាពបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។ វាគឺជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ទី៣ បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech និង AstraZeneca ដែលទទួលបានការគាំទ្រពី WHO ហើយវាក៏ជាវ៉ាក់សាំងដំបូងបង្អស់ដែលត្រូវការចាក់តែមួយលើកគត់។

ការចុះបញ្ជីនេះគ្របដណ្តប់លើការប្រើប្រាស់នៅគ្រប់ប្រទេសទាំងអស់ សម្រាប់ចែកចាយក្រោមកម្មវិធី COVAX ហើយអនុវត្តតាមសេចក្តីប្រកាសអនុញ្ញាតរបស់ទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) កាលពីថ្ងៃព្រហស្បតិ៍។ វ៉ាក់សាំងនេះនឹងជួយពន្លឿនដល់ការចាក់ថ្នាំបង្ការ ដោយសារតែវាត្រូវការចាក់តែ ១ លើកប៉ុណ្ណោះ ខណៈដែលវ៉ាក់សាំងដទៃទៀតត្រូវចាក់ ២លើក និងត្រូវការរយៈពេលរាប់សប្ដាហ៍ដើម្បីទទួលយកដូសទី២។ WHO បានបន្ថែមដែរថា ក្រោមការចុះបញ្ជីប្រើប្រាស់ជាបន្ទាន់ ក្រុមហ៊ុនត្រូវប្តេជ្ញាផ្ដល់ទិន្នន័យសុវត្ថិភាព និងប្រសិទ្ធភាពបន្ថែមទៀត ដើម្បីអាចទទួលបានអាជ្ញាប័ណ្ណពេញលេញ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






