អន្តរជាតិ

កងទ័ពថៃនឹងដំឡើងជុំរំជនភៀសខ្លួនបណ្តោះអាសន្នសម្រាប់ពលរដ្ឋមីយ៉ាន់ម៉ា ដែលរត់ភៀសខ្លួនចេញពីវិបត្តិនយោបាយក្នុងប្រទេសរបស់ពួកគេ

BY
autoadmin
March 15, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger នៅថ្ងៃច័ន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា កងទ័ពថៃគ្រោងនឹងសាងសង់ជុំរំបណ្តោះអាសន្ន សម្រាប់ជនជាតិមីយ៉ាន់ម៉ាដែលភៀសខ្លួន​មកកាន់ប្រទេសថៃ ដើម្បីគេចចេញពីអំពើហិង្សាផ្នែកយោបាយនៅក្នុងប្រទេសរបស់ពួកគេ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីម្សិលមិញនេះ កងកម្លាំងសន្ដិសុខមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារយ៉ាងចាស់ដៃទៅលើហ្វូងបាតុករ ដែលបណ្ដាលឱ្យមានពលរដ្ឋយ៉ាងហោចណាស់ជាង ៣០នាក់ បានស្លាប់ ខណៈចាប់តាំងពីមានការតវ៉ានៅទូទាំងប្រទេសមីយ៉ានម៉ា នៅក្រោយពេលមានរដ្ឋប្រហារ និងការចាប់ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី រហូតមកទល់ពេលនេះ គឺមានពលរដ្ឋនិងប៉ូលីសច្រើនជាង ១០០នាក់ ត្រូវបានគេសម្លាប់។

ជុំរំជនភៀសខ្លួននឹងត្រូវបានដំឡើងនៅខេត្ត Ranong និង Chumphon ដែលនៅជាប់នឹងតំបន់ភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា។ ប្រភពបាននិយាយថា ភាគច្រើននៃអំពើហិង្សាគឺមាននៅចម្ងាយប្រមាណ ១,៣០០ គីឡូម៉ែត្រ ខាងជើងទីក្រុងយ៉ាំងហ្គោន ដែលថ្មីៗនេះយោធាបានចេញច្បាប់អាជ្ញាសឹកនៅតំបន់ចំនួន ២ របស់ទីក្រុង។ មេបញ្ជាការនៃក្រុមការងារ Thep Satri គឺលោក Santi Sakuntak បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ជម្រកទាំងនេះជាជម្រកបណ្តោះអាសន្ន ហើយជនចំណាកស្រុកទាំងនោះនឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញនៅពេលស្ថានការណ៍បានធូរស្បើយ។

យ៉ាងណាមិញវាមិនច្បាស់ទេសថា តើហេតុអ្វីបានជាមានត្រឹមតែជំរំចំនួន ២ សម្រាប់ជនភៀសខ្លួន ខណៈព្រំដែនគោកថៃ-មីយ៉ាន់ម៉ាលាតសន្ធឹងរហូតដល់ទៅ ២,៤០០ គីឡូម៉ែត្រ។ ជម្រាបផងដែរថា ប្រទេសថៃបានរឹតបន្ដឹងយ៉ាងខ្លាំងចំពោះជនភៀសខ្លួន ដោយសារថាជំងឺ COVID-19 ដែលបានផ្ទុះឡើងនៅប្រទេសថៃកន្លងមកគឺដោយសារតែជនចំណាកស្រុក ដែលបានលួចចូលទៅក្នុងប្រទេសថៃខុសច្បាប់នេះតែម្ដង៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: