អង្គការសហប្រជាជាតិនិយាយថា យ៉ាងហោចណាស់មានពលរដ្ឋមីយ៉ាន់ម៉ាជាង ១៣០នាក់ ត្រូវបានគេសម្លាប់ចាប់តាំងពីរដ្ឋប្រហារកាលពីខែមុន
- BY
- autoadmin
- March 16, 2021
អង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់មានអ្នកតវ៉ាចំនួន ១៣៨នាក់ ត្រូវបានគេសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារដោយពួកយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ យោធាបានបន្ដបញ្ជាឱ្យមានការបង្ក្រាបយ៉ាងឃោរឃៅមកលើហ្វូងបាតុករ ខណៈដែលម្សិលមិញនេះផ្ទាល់មានមនុស្សចំនួន ៤នាក់ បន្ថែមទៀតត្រូវបានគេសម្លាប់។ ឥឡូវនេះពួកយោធាក៏បានប្រកាសពីច្បាប់អាជ្ញាសឹកនៅក្នុងតំបន់មួយចំនួននៃទីក្រុងយ៉ាំងហ្គោន ដែលធ្វើឱ្យអំណាចរដ្ឋបាល និងតុលាការត្រូវស្ថិតនៅក្នុងដៃរបស់យោធាទាំងស្រុង។

កាលពីថ្ងៃច័ន្ទការតវ៉ាបានកើតឡើងនៅក្នុងទីក្រុងម៉ានដាឡេ និងកន្លែងផ្សេងទៀត ហើយកម្លាំងសន្តិសុខបានបាញ់រះទៅលើពលរដ្ឋអ្នកតវ៉ា ដែលបណ្តាលឱ្យមនុស្សយ៉ាងតិច ៤ នាក់ស្លាប់។ អ្នកនាំពាក្យអង្គការសហប្រជាជាតិបានបង្ហាញថា ស្ត្រីនិងកុមារក៏ស្ថិតក្នុងចំណោមមនុស្សជាង ១៣០នាក់ ដែលត្រូវបានសម្លាប់ ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សានេះ និងអំពាវនាវឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងពីអន្តរជាតិ៕



អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






