ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងព្រមានអាមេរិកថា «បើចង់នៅសុខខ្លួន កុំសូវបង្ករឿងខ្លាំងពេក»
- BY
- autoadmin
- March 16, 2021
យោងតាមសារព័ត៌មាន Channel News Asia បានចុះផ្សាយថា ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគឺលោកស្រី គីម យ៉ូជុង បានរិះគន់សមយុទ្ធយោធារបស់ប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះ និងបានព្រមានរដ្ឋបាលរបស់លោក ចូ បៃដិន ដែលទើបតែបានកាន់តំណែងថ្មីថ្មោងថា ប្រសិនបើខ្លួនចង់បានសន្តិភាពកុំសូវ «បង្ករឿងខ្លាំងពេក» ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងមួយថ្ងៃ មុនពេលប្រមុខការទូត និងរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក គ្រោងនឹងមកដល់ក្រុងសេអ៊ូល សម្រាប់កិច្ចពិភាក្សាលើកដំបូងជាមួយសមភាគីកូរ៉េខាងត្បូង។

លោកស្រីបាននិយាយថា៖«យើងឆ្លៀតយកឱកាសនេះដើម្បីព្រមានរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកដែលកំពុងព្យាយាមបង្ករឿងនៅក្នុងទឹកដីរបស់យើង។ ប្រសិនបើអាមេរិកចង់នៅសុខស្រួលរយៈពេល ៤ឆ្នាំខាងមុខ ជាដំបូងគឺអាមេរិកគួរតែចៀសចេញពីការបង្កបញ្ហា»។ ចំណែកខាងសេតវិមានឯណោះវិញបាននិយាយថា រហូតមកដល់ពេលនេះប្រទេសកូរ៉េខាងជើងបានបដិសេធនូវការអង្វររបស់សហរដ្ឋអាមេរិក ដែលស្នើឱ្យមានការចូលរួមក្នុងកិច្ចពិភាក្សាគ្នា ខណៈដែលភាពតានតឹងដែលបានចាប់ផ្តើមឡើងតាំងតែពីពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅកាន់តំណែង បានអូសបន្លាយរហូតដល់ជំនាន់លោក ចូ បៃដិន បន្ដទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






