អន្តរជាតិ

ក្រុមអ្នកជំនាញសុវត្ថិភាព WHO កំពុងធ្វើការពិនិត្យមើលវ៉ាក់សាំងរបស់ AstraZeneca ក្រោយមានរបាយការណ៍ពីបញ្ហាកកឈាម

BY
autoadmin
March 16, 2021

ក្រុមអ្នកជំនាញសុវត្ថិភាពវ៉ាក់សាំងមកពីអង្គការសុខភាពពិភពលោក (WHO) នឹងធ្វើការប្រជុំគ្នានៅថ្ងៃអង្គារ ដើម្បីពិនិត្យឡើងវិញនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់សាកលវិទ្យាល័យ Oxford/ ក្រុមហ៊ុន AstraZeneca បន្ទាប់ពីប្រទេសនៅអឺរ៉ុបមួយចំនួនបានផ្អាកការប្រើប្រាស់វ៉ាក់សាំងនេះ ក្រោយមានបានរាយការណ៍អំពីបញ្ហាកកឈាម នៅពេលដែលពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងរួច។ ដំបូងឡើយនិយ័តករថ្នាំចក្រភពអង់គ្លេស និង WHO បាននិយាយថា គ្មានភ័ស្តុតាងនៃការផ្សារភ្ជាប់គ្នារវាងវ៉ាក់សាំង និងការកកឈាមនោះទេ ប៉ុន្តែពេលនេះពួកគេបានបើកការប្រជុំដើម្បីឈានទៅរកការពិនិត្យវ៉ាក់សាំងឡើងវិញ។

ទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) ដែលជានិយតករថ្នាំរបស់សហភាពអឺរ៉ុបក៏នឹងប្រជុំគ្នានៅថ្ងៃអង្គារនេះ ហើយពួកគេរំពឹងថា នឹងអាចសម្រេចថា តើគួរបន្ដប្រើវ៉ាក់សាំងរបស់ Oxford-AstraZeneca ឬយ៉ាងណា នៅត្រឹមថ្ងៃព្រហស្បតិ៍។ ជម្រាបជូនដែរថា ពលរដ្ឋនៅសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសប្រមាណ ១៧លាននាក់ គឺបានទទួលវាក់សាំងនេះយ៉ាងហោចណាស់ ១ដង រួចទៅហើយ ប៉ុន្តែមានករណីឈាមកកតែ ៤០ ករណីប៉ុណ្ណោះ ដែលនេះអាចនិយាយបានថាជាអាត្រាតិចតួចនៅឡើយ។ ឥឡូវនេះមានប្រទេសនៅអឺរ៉ុបរហូតដល់ទៅ ១១ ប្រទេស ដែលបានផ្អាក់ការចាក់វ៉ាក់សាំងរបស់ Oxford-AstraZeneca បូករួមទាំងប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: